ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបញ្ចេញមតិរបស់លោក គឹម ហ៊ាង ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានធ្វើឲ្យប៉ះពាល់ និងប្រមាថដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី បានឆ្លើយតបទៅនិគគលមួយរូបថាសិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ មិនគួរឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាថដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ។ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ ដោយគ្មានការទទួលខុសត្រូវនេះ។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាបានលើកឡើងថា ការបញ្ចេញមតិរបស់លោក គឹម ហ៊ាង ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ពាក់ព័ន្ធទៅនឹងវប្បធម៌ក្នុងខេត្តសៀមរាបនោះថា បានធ្វើឲ្យប៉ះពាល់ និងប្រមាថដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ ពោលគឺក្រុមមន្រ្តីអាជ្ញាធរអប្សរាតែម្តង ។
សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អជ្ញាធរអប្សារា) រាប់រយនាក់ ដែលបាន និងកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរ្ត៏មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់។
ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិតលោក ដែលត្រូវ។ ការគិតគូរបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ។
ទី៣ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើងអោយបានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសំដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង។
លោក គឹម ហ៊ាង តាមរយៈវីដេអូជិត៤នាទី កាលពីប៉ុន្មានថ្ងៃមុន បានអះអាងថា ចំណុចខ្សោយរបស់ខេត្តសៀមរាប គឺបណ្ដាលមកពីការកំណត់កំពស់នៃការសាងសង់ និងការអភិរក្សវប្បធម៌ច្រើន ។ ក្នុងន័យរបស់លោកនេះ គឺចង់សំដៅទៅលើការកំណត់ការសាងសង់អគារជាលក្ខណៈខ្ពស់ ៗ។
ក្រោយឃើញបែបនេះ លោក ហ៊ុន ម៉ានី នៅថ្ងៃ១៧ កុម្ភៈបានលើកឡើងថា “សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែមិនគួឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អជ្ញាធរអប្សារា) រាប់រយនាក់ដែលបាននិងកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរ្តិមរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់”៕