ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តកែប នៅតែបន្តជំរុញការចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ខណៈអង្គភាពមួយចំនួន ចម្លងវិរុស អូមីក្រុង មកពីខាងក្រៅក្ដី

36

កែប ៖ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានការថមថយចុះមួយរយៈ តែពេលនេះក៏មានអង្គភាពមួយចំនួន ក្នុងខេត្តកែប បានរងនូវការចម្លងវិរុសអូមីក្រុង មកពីខាងក្រៅ ប៉ុន្តែការចម្លង ពុំមានភាពធ្ងន់ធ្ងរនោះទេ ខណៈផ្នែកផ្តល់សេវាសុខភាព បានព្យាបាល ថែទាំបានទាន់ពេលវេលា។ ដោយឡែកចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស និងដូសជំរុញ ក៏បានបន្ដដំណើរការជូន ប្រជាពលរដ្ឋ ត្រូវបន្តសកម្មភាពនៅ គ្រប់មូលដ្ឋានទូទាំងខេត្តកែប ផងដែរ ។

លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប បានប្រាប់ឲ្យអង្គភាពភ្នំពេញ រីផតធ័រដឹង នៅរសៀលថ្ងៃទី១៧ កុម្ភៈនេះថា៖ បើគិតត្រឹមថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងដូសទី១ និងដូស ទី២ ឬដូសជំរុញ ជូនមន្ដ្រីជួមុខបាន៧៥ភាគ
រយ និង ជូនពលរដ្ឋបានចំនួន៧០% ចាក់វ៉ាក់ សាំងដូសទី២ បានចំនួន៥០% ចាក់វ៉ាក់សាំងដូសទី៣បាន៦០% ស្មើចំនួនប្រជាជន១៩១ នាក់ ក្នុង១ថ្ងៃ នៅតាមតំបន់ទីប្រជុំជន និងចាក់ វ៉ាក់ សាំង ដូសទី៤ បានចំនួន៣០% ស្មើនិងចំនួនប្រជាជន៣១នាក់ ក្នុង១ថ្ងៃ នៅតំបន់ទីប្រជុំជន ។
ទាក់ទិននឹងភាពលេចឮ មានអ្នកឆ្លងវិរុសថ្មី អូមីក្រុង លោកប្រធាន បានបញ្ជាក់ដែរថា អំឡុងពេលថ្មីៗនេះ មានករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង មកពីខាងក្រៅ តាមរយៈអង្គភាពនៃស្ថាប័នក្នុងខេត្តកែប ហើយខណៈនេះមន្ត្រីសុខាភិបាល បានគ្រប់គ្រងដោយអនុញញាត ឱ្យគាត់ព្យាបាល តាមវិធីអប់រំ ថែទាំសុខភាព តាមគោលការណ៍ បច្ចេកទេសរបស់មន្ទីរសុខាភិបាល ដោយអ្នកជំងឺគ្មាន បញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។

លោក ម៉ែន សុធីរ បានបន្តថា ក្នុងរយៈពេលនេះ ផ្នែកសុខាភិបាលទប់ស្កាត់ មិនឱ្យមានការរីករាលដាល នៅក្នុងសហគមន៍ណាមួយឡើយ គឺយើងគ្រប់គ្រងបានល្អ ថែមទាំងបានបន្តអប់រំ ផ្សព្វផ្សាយ ណែនាំថែមទៀតអំពីគោលការណ៍សុខាភិបាល និងទៅដល់ក្រុមគោលដៅ នៅតាមទីប្រជុំជន និយាយរួមគឺផ្សព្វផ្សាយដល់ អាជីវកម្មទេសចរណ៍ទាំងអស់ រាប់ទាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន។ល។ ក្នុងដំណាក់កាលនេះដែរ យើងក៏មានការណែនាំបន្ថែមទៀត នូវការជំរុញចាក់វ៉ាក់សាំង នៅគ្រប់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ពិសេសការចុះចាក់វ៉ាក់សាំងជាបន្តបន្ទាប់ នៅគ្រប់មូលដ្ឋាន នៃខេត្តកែបទាំងមូល។
សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកែប ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ខេត្តកែបពិតជា ប្រែមុខមាត់ថ្មី ហើយក្នុងសម័យកាល ជំងឺកូវីដ-១៩ លោកអភិបាលខេត្តតែងតែ ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ពិសេសគិតគូរពីទុក្ខលំបាក​ របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន និងការជួយទំនុកបម្រុង ដល់ចាស់ជរា ជនពិកា ដោយគ្មានរើសអើង គ្មានប្រកាន់ពូជសាសន៍ ពណ៌សម្បុរនោះឡើយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង