ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់ការលុបបំបាត់គ្រោះគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ត្រឹមឆ្នាំ ២០២៥ ដោយចាប់ផ្តើមពីខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ

158

 

ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់ សូមជម្រាបជូនដំណឹងថា ស៊ីម៉ាក់បានបញ្ចប់កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹង និងមានកំណត់ត្រាពហុកោណក្នុងទិន្នន័យថ្នាក់ជាតិ (Landmines known areas with polygon records in National Database) ស្ថិតក្នុងខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានសម្រេចជាស្ថាពរហើយ ដែលក្នុងងនោះ៖

១. ខេត្តកែប មានចំនួន ៨ ពហុកោណ(ចម្ការមីន) ស្មើនឹងផ្ទៃដី ៦៩,៨ ហិចតា
២. ខេត្តកណ្តាលមានចំនួន ៣ ពហុកោណ ស្មើនឹងផ្ទៃដី ៦៤ ហិចតា
៣. រាជធានីភ្នំពេញមានចំនួន ៨ ពហុកោណ ស្មើនឹងផ្ទៃដី ៩៨៣ ហិចតា

សម្រាប់ទិសដៅបន្ត គឺអង្គភាពស៊ីម៉ាក់បានចល័តកម្លាំងចូលទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តតាកែវ ដែលជាគោលដៅអាទិភាពក្នុងការបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្ស ក្នុងឆ្នាំ២០២២ នេះ ។

សូមបញ្ជាក់ថា ការប្រកាសថាខេត្តគ្មានតំបន់គំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស ឬហៅថា “ខេត្តគ្មានគ្រាប់មីនប្រឆាំងមនុស្ស” វាមិនមានន័យថា “ខេត្តទាំងនោះអស់បញ្ហា ជាមួយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ” ។ ការពិតអាចបន្តមានបញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដទៃទៀត ដូចជាគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងសំណល់គ្រាប់មិនទាន់ផ្ទុះផេ្សងៗ ក្រៅពីគ្រាប់មីនប្រឆាំងមនុស្ស។

បញ្ហាគ្រាប់មីនប្រឆាំងមនុស្ស ស្ថិតនៅក្រោមអនុសញ្ញាអន្តរជាតិអូតាវ៉ា ដែលមាន ១៦៤ ប្រទេស គឺជាសមាជិកហត្ថលេខី ។ ក្នុងចំនួននេះ មានប្រទេស ១៣៣ ជារដ្ឋសមាជិក ដោយបូករួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកមួយយ៉ាងសកម្ម បានប្តេជ្ញាអនុវត្តអនុសញ្ញានេះយ៉ាងពេញលេញ ដោយអនុម័តផែនការយុទ្ធសាស្ត្រ «កម្ពុជាគ្មានគ្រាប់មីនប្រឆាំងមនុស្ស ត្រឹមឆ្នាំ២០២៥» ។ ដូចដែលបានដឹងរួចមកហើយថា កម្ពុជាទទួលរងគ្រោះដោយសារសង្គ្រាមរយ:ពេលយូរឆ្នាំ នាំឱ្យផលវិបាកនៃសំណល់យុទ្ធភណ្ឌសង្គ្រាម មានសភាពធ្ងន់ធ្ងរជាងគេលើពិភពលោក ។ ហេតុនេះ ការដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមគ្រប់ប្រភេទ ឱ្យអស់ត្រឹមឆ្នាំ២០២៥ មិនមែនជាកិច្ចការងាយស្រួលនោះទេ។

ផ្អែកតាមផែនការរបស់រាជរដ្ឋាភិបាល អង្គភាពស៊ីម៉ាក់បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៤ឆ្នាំ (២០២២-២០២៥) ដើម្បីរំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹង និងមានកំណត់ត្រាក្នុងទិន្នន័យថ្នាក់ជាតិចំនួនជាង ៧០០ គីឡូម៉ែត្រក្រឡា គឺប្រមាណ ៩០% នៃបញ្ហាគ្រាប់មីនដែលកំពុងនៅសេសសល់ ។

ចូរចងចាំថា “ខេត្តគ្មានគ្រាប់មីនប្រឆាំងមនុស្ស” គឺខេត្តនោះ នៅមិនទាន់អស់បញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាមរតកពីសង្គ្រាមផ្សេងៗទៀត ដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង