ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យលោក Jesse Choi នាយកក្រុមហ៊ុន SUNWAH ចូលជួបសំដែងការគួរសម និងស្វែងយល់ពីសក្តានុពលវិនិយោគ នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Jesse Choi នាយកក្រុមហ៊ុន SUNWAH ចូលជួបសំដែងការគួរសម និងស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។
លោក Jesse Choi នាយកក្រុមហ៊ុន SUNWAH បានថ្លែងអំគុណឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យប្រតិភូរបស់លោកចូលជួបសម្តែងការគួរសម និងស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។ កន្លងមកក្រុមហ៊ុន SUNWAH បានធ្វើការវិនិយោគលើអចលនទ្រព្យ នៅលើពិភពលោកដែលមានសាខានៅហុងកុង ចិន វៀតណាម ជប៉ុន កាណាដា ដោយក្រុមហ៊ុនមានគោលបំណងវិនិយោគអចលនទ្រព្យនៅខេត្តព្រះសីហនុ ដែលជាឱកាសដ៏ល្អមួយ និងជាការបើកទំព័រថ្មីផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍ចំពោះក្រុមហ៊ុន SUNWAH ដែលចង់វិនិយោគ លើវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុ ស្របពេលដែលខេត្ត បានធ្វើការអភិវឌ្ឍអគារខ្ពស់ជាច្រើន ទោះបីជារយៈពេលពីរឆ្នាំកន្លងមក ខេត្តព្រះសីហនុរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តែខេត្តរបស់យើង នៅតែមានការវិនិយោគលើអចលនទ្រព្យជាបន្តបន្ទាប់។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លីសំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ និងអចលនទ្រព្យ។ ទន្ទឹមនោះខេត្ដព្រះសីហនុ មានសក្តានុពល ដូចជា អាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់រហូត ៣,៣០០ម៉ែត្រ ស្ថានីយ៍អ្នកដំណើរអាចទទួលភ្ញៀវ ៣លាននាក់ក្នុងមួយឆ្នាំ និងកសាងស្ថានីយ៍ចេញដំណើរកម្រិតអន្តរជាតិ។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅជំហានទីមួយ និងទីពីរនៅឆ្នាំ២០២៥ អាចឱ្យនាវាដែលមានជម្រៅទឹក១៣,៥០ម៉ែត្រ អាចចូលចតបាន ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនអាចប្រកួតប្រជែង។ ខេត្តមានផ្លូវល្បឿនលឿន ដែលអាចបើកឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២២ខាងមុខ ដែលជាសក្តានុពលគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុ។