ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនកុមារ អាយុចាប់ពី ០៥ឆាំ្ន ដល់ក្រោម ១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនកុមារ ដែលមានអាយុចាប់ពី ០៥ឆាំ្ន ដល់ក្រោម ១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ជូនដល់កុមារ ដែលមានអាយុចាប់ពី ០៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ សម្រេចបានលទ្ធផលលើសពីផែនការ ដែលបានគ្រោងទុក ក្នុងនោះការបញ្ជូនបុត្រធីតា និងសាច់ញាតិមកទទួលវ៉ាក់សាំងបង្ការ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ-១៩។
យ៉ាងណាមិញ ដើម្បីបង្កើនភាពស៊ាំសហគមន៍ដើម្បីការពារ និងទប់ស្កាត់នៃការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ជាពិសេស មេរោគបំប្លែងថ្មីប្រភេទអូមីក្រុង (Oricron) ធានាបានប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ និង អនុលោមតាមសារាចរលេខ ០២ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ “អូមីក្រុង” ព្រមទាំងទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩)ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់កុមារដែលមានអាយុចាប់ពី ០៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដូសមូលដ្ឋានរួច ហើយមានគម្លាតរយៈពេលចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់ដូសទី២ នៅទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដូចបានកំណត់ជូនក្នុងឧបសម្ព័ន្ធ និងតាមកាលបរិច្ឆេទដូចខាងក្រោម៖
– ចំពោះកុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២
– ចំពោះកុមារដែលមានអាយុ ០៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២
ទន្ទឹមនេះចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី ០៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវប័ណ្ណ (កាត) ឬឯកសារបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសមូលដ្ឋាន៕