ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករនិងអតីតនគរបាលរាជធានីភ្នំពេញ រហស្សនាម យមរាជ អង្គរក្សលោកហេង ពៅ ឈឺស្លាប់ ក្នុងពន្ធនាគារ

178


ភ្នំពេញៈ ទណ្ឌិត ​លោក ហង្ស វុ​ទ្ធី​ ហៅ​ទិវា​១៦ ​ហៅយមរាជ​ អតីតមន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ ដែល​ជាអង្គរក្សរបស់​លោក ហេង ពៅ អតីត​ស្នងការ​នគរបាលរាជធានីភ្នំពេញ ដែលជាឃាតករបាញ់សម្លាប់មនុស្សមិនញញើតដៃនោះ បាន​ស្លាប់​ហើយ​ នៅឯ​មន្ទីរពេទ្យ​រុ​ស្សី កាលពី​វេលាម៉ោង​១០ ​និង​៣០​នាទី ថ្ងៃ​ទី​១០ ​កញ្ញា ។

មានគណនីហ្វេសប៊ុកមួយ មានឈ្មោះថា HENG NICH ប្រើប្រាស់ដោយស្ត្រីឈ្មោះ សុខ សុភ័ណ្ឌ ដែលអះអាងថា នាងខ្ញុំឈ្មោះ សុន សុភ័ណ្ឌ ដែលត្រូវជា ប្អូនរបស់ ហង្ស វុទ្ធី និង ហង្ស វុត្ថា នៅពេលនេះ ហង្ស វុទ្ធី បានទទួលមរណភាពនាថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១០និង៣០ នាទីព្រឹក នៅមន្ទីរពេទ្យរុស្សី នាងខ្ញុំត្រូវជាប្អូនសុំសម្តេចតេជា ហ៊ុន សែន មេត្តាជួយអន្តាគមន៍ ទៅតុលាការ សូមជួយដោះលែងបងប្រុសហង្ស វុត្ថា ដែលនៅក្នុងពន្ធាគារ ឲ្យគាត់បានមកចូលរួម ពិធីបុណ្យសពបង ហង្ស វុទ្ធី មានតែសម្តេចទេ ដែលអាចជួយដល់បងប្រុសហង្ស វុត្ថាឲ្យមានសេរី ដែលជាប់ឃុំរយៈពេលដប់បីឆ្នាំហើយ សូមព្រះប្រទានពរសម្តេច។

គួរ​បញ្ជាក់​ថា​ ទណ្ឌិត ហង្ស វុ​ទ្ធី ធ្លាប់​បាន​ហែក​គុក​ ​រត់​ចេញ​ទៅ​លាក់ខ្លួន​ជាច្រើន​កន្លែង ​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០០៦ ហើយ​បាន​ចូលខ្លួនមក​​សារភាព​នៅ​ស្នាក់​ការ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ កាលពី​ថ្ងៃទី​២០ ​មេសា​ ឆ្នាំ​២០១២ ​។

លោក ហង្ស វុ​ទ្ធី ត្រូវ​បាន​តុលាការ​កាត់ទោស​ និង​ផ្តន្ទាទោស​កំបាំង​មុខ​ កាលពី​ឆ្នាំ​២០០៩ ឱ្យ​​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ ក៏​ប៉ុន្តែ​លោកបាន​ស្នើ​ឲ្យ​តុលាការ​​ បើក​សវនាការ​សារ​ជា​ថ្មី បន្ទាប់​ពី​គាត់​បាន​ចូល​សារភាព​។

សាលាដំ​បូង​រាជធានី​ភ្នំពេញ ​បាន​បើក​សវនាការ​សារ​ជា​ថ្មី​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មាន​ទណ្ឌិត​ លោក ហង្ស វុ​ទ្ធី ត្រូវ​បាន​លោក តុ​ប ឈុ​ន​ហេង ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​ទោស​ឱ្យ​ជាប់ ពន្ធនា​គារ​១៥​ឆ្នាំ​ដដែល ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជា​មុន​លើ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ឆ្នាំ​២០០៣ ។

ទណ្ឌិត ហង្ស វុទ្ធី ហៅ យមរាជ មានពិរុទ្ធនៅក្នុងរឿងក្ដីឃាតកម្មជាច្រើនករណី។ ឈ្មោះ​យម​រាជ​​ដែល​ជា​ឧ​ក្រិ​ដ្ឋ​ជន​​​ម្នាក់​គួរ​​​ឱ្យ​ខ្លាច​​បំ​ផុត​​​ និង​​ជាសេនា​​ដៃ​ស្តាំ​របស់​ហេង ពៅ​ ​ដែលបាន​​ហែក​គុក​​ព្រៃ​ស​រត់​​តាំង​ពី​ឆ្នាំ​​២០០៦​ កន្លង​មក​ ពេល​នេះ​​ថ្ងៃ​អង្សា​បាន​​មក​ដល់​ដោយ​​​ខ្លួន​​ឯង​តែ​ម្តង​ បាន​ចូល​ខ្លួន​​​មក​​សុំ​​សារ​ភាព​​​នៅស្នាក់​​​ការ​​អង្គការ​​​ក្រៅ​រដ្ឋា​ភិបាល​​​​មួយ​ឈ្មោះ​​​​លី​កា​ដូ​ ​កាល​ពី​​​រសៀល​ថ្ងៃទី​​២០ មេសា​​ ដែល​មា​ន​​ទី​​តាំង​​​​ស្ថិត​នៅ​​ក្នុង​សង្កាត់​​បឹង​ត្រ​បែក​ ខណ្ឌ​​ចំ​​ការ​មន​ រាជ​ធានីភ្នំពេញ​ ក្រោយរត់គេចខ្លួនបាត់ជាច្រើនឆ្នាំ។

ឈ្មោះ​​ហង្ស ​វុទ្ធី​​ ហៅ​យម​រាជ​ ​ដៃ​ស្តាំ​របស់​​​អ្នក​ទោស​​​​​ជា​ង​មួ​យ​ជី​វិត​​ឈ្មោះ​ ហេង​ ពៅ ជា​ឧក្រិដ្ឋ​ជន​​ដែល​​​ធ្វើ​​ឱ្យ​​​​​​​មនុស្ស​គ្រប់​​មជ្ឈ​ដ្ឋាន​​​ភ័យ​ខ្លាច​​ណាស់​ ព្រោះ​​​ជា​​ជន​ដៃ​ដល់​​ខាង​បាញ់​​​សម្លាប់​​​មនុស្ស​​ក្រោម​បញ្ជា​​​ ហេង ពៅ​ ។

​នៅទីស្នាក់ការ​​អង្គការ​លីកាដូ ឈ្មោះ​​​ហង្ស​​ វុទ្ធី ​ហៅ​យមរាជ​ ជាឧក្រិដ្ឋ​ជន​​ ដែល​​មាន​​ដីកា​ស្វែង​រក​ចាប់​ខ្លួន​​ ស្រាប់តែ​​ពេលនេះ​ចូល​​មក​​​សារភាព​​​បាននិយាយថា​ ​នៅ​យប់​ថ្ងៃទី​៦​ វិច្ឆិកា ​២០០៦​​ ខ្លួន​បាន​រត់ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស ទៅ​សំងំ​​លាក់​ខ្លួននៅ​តាម​​​បណ្តា​ខេត្ត​​នានា​ ដូច​ជា​ខេត្ត​​កំពត និង​នៅ​ប៉ោយ​ប៉ែត​អស់​រយៈ​ជាង​៧ឆ្នាំ​ ​កន្លង​មក​ដោយប្រកប​មុខ​របរ​​ជា​កម្មករ​​ទូក​នេ​សាទ​​នៅ​សមុទ្រ​​ក្រុង​​ព្រះសីហនុ​​​ រយៈពេល​​​​៥ឆ្នាំ​​​ ។ បន្ទាប់​មក​​ទៅ​ធ្វើ​​កម្មករ​​អូស​រទេះ​​​នៅ​ប៉ោយ​ប៉ែត​​បាន​​១ឆ្នាំ​​ ហើយ​ចុង​ក្រោយ​​ទៅសំងំ​​ធ្វើ​​កម្មករ​​​ចម្ការ​​​នៅ​​​ព្រំ​ដែន​​ថៃ​ជិត​​​១​ឆ្នាំ​​ទៀត ។ ឈ្មោះយម​រាជ បាន​និយាយថា ​ការ​រត់គេច​​​​​​ខ្លួន​មួ​​យ​រយៈ​កន្លងមក​ ខ្លួនរស់​ក្នុង​​ជីវភាព​​លំបាក​លំ​បិន​តាម​ជន​បទ​ស្រុក​​​ស្រែ​​ចម្ការ​​ ។​​

ទាក់ទិន​នឹង​ការ​ចូល​ខ្លួន​មក​សារភាព ​ឈ្មោះ​យម​រាជ អតីត​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​កម្រិតស្រាល​​រាជធានីភ្នំពេញ​ ក្រោម​​បញ្ជា​ផ្ទាល់​​ពី​​ ហេង​ ពៅ​​​បាន​និយាយថា​ ខ្លួន​​មា​នទោសស្រាប់​ ទោះ​ជា​រត់​ទៅ​ដល់ទីណា​ក៏មិន​​រួច​ខ្លួន​ដែរ ដូច្នេះ​ខ្លួន​​បាន​ទំនាក់​ទំនង​មកម្តាយ​ឱ្យ​​រក​មេ​ធាវី​​ ដើម្បី​​ជួយ​​កា​រពារ​​​ផ្លូវ​ច្បាប់​​ដល់​ខ្លួន​​​ ហើយ​ត្រូវ​បាន​ម្តាយ​​ពឹងពាក់​​​មេ​ធាវី​​​​​ លោក​​កៅ​ សុផា​​ ជួយ​​​ការ​ពារ​​​​ផ្លូវ​ច្បាប់​​​ ដើម្បី​​​​ឱ្យ​​ខ្លួន​​​បាន​ចូល​​សារភាព​​ និង​​​ទទួល​​ទោស​​​ជា​ថ្មី​​ម្តង​ទៀត​​ បន្ទាប់​​​​ពីលួច​​រត់​ចេញ​​​ពី​ពន្ធនាគារ​​​​​​អស់​រយៈ​​ពេល​​​ជាង​​​៧ឆ្នាំ ​​កន្លងមក​ ។​

យោង​​​តាម​​​ការ​ពឹង​​​ពាក់​​អំពី​​​នីតិ​វិធី​​​ច្បាប់​​លោក​ មេធាវី​​​ កៅ សុផា​​​ បាន​នាំ​​ខ្លួន​​​ឈ្មោះ​ យម​ រាជ​​ មក​​កាន់​ស្នាក់​​​ការ​​អង្គការ​​​សិទ្ធិ​មនុស្ស​​​លី​កាដូ​​​ ដើម្បី​​​ជួយការ​ពារ​​​សិទ្ធិ​​កុំ​ឱ្យ​​មាន​​ការ​​ធ្វើ​​​អំពើ​​ទារុណ កម្ម​​​។ នៅស្នាក់ការ​​​អង្គការ​​​លីកាដូ​​ ​មន្ត្រី​​អង្គការ​​​​បាន​និយាយ​ថា ខាង​អង្គការ​​​គ្រាន់​តែ​​​ទទួល​​​ឱ្យគាត់​​​ស្នាក់​នៅ ​​បណ្តោះ​អាសន្ន​​មួយ​រយៈ​​ខ្លី​ ដើម្បី​​ផ្តល់​​​អាហារ​​​ជូន​គាត់​ហូបចុក​​ ព្រោះ​​គាត់​មាន​​​សភាព​​​ស្គម​ស្គាំង​​​​​ខ្លាំង​​ និង​ហេវ​ហត់​​ ។ អង្គុយ​​​នៅ​អង្គការ​​លី​កាដូ​​រ​​​​មិន​ទាន់​​បាន​​ប៉ុន្មាន​​ផង​​​នៅ​វេលា​ម៉ោង​​​៤និង​​​​៣០នាទី​​​រសៀល​​​​​ថ្ងៃ​​ទី២០ មេសា ឈ្មោះ​ ហង្ស​ វុទ្ធី​​​ ហៅ​​យមរាជ​​​ ត្រូវ​​បាន​​នគរបាល​​​​ក្រសួង​​​មហា​ផ្ទៃ​​​ ដឹក​នាំ​​ដោយលោក​​ឧត្តម​សេនីយ៍​​ឯក​​​ ម៉ក់ ជីតូ​ ប្រធាន​​នាយកដ្ឋាន​​​នគរបាល​យុត្តិធម៌​​​បាន​​​​សហការ​​ជាមួយ​​ព្រះ​​រាជ​អាជ្ញា​​​អម​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​ គឺ​​លោក មាស ច័ន្ទ​​ពិសិដ្ឋ​​ បាន​យក​​ដីកា​ចាប់​ខ្លួន​​​ឈ្មោះ​ ហង្ស​ វុទ្ធី​​​ ហៅ​យម​ រាជ ទៅបង្ហាញ​​​មន្ត្រី​​​អង្គការ​​​​​លីកាដូ​​​ និង​លោក​​​​​មេធាវី​​ កៅ សុផា​​ ​​ដើម្បី​​​នាំ​ខ្លួន​​​ឈ្មោះ​​ យម​រាជ​ ទៅ​កាន់​​​នគរបាល​​​ក្រសួង​​​មហាផ្ទៃ​​​ ធ្វើ​ការ​​​សួរ​នាំ​​ឡើង​វិញ និង​ដើម្បី​​​​​ត្រៀម​លក្ខណៈ​​​បញ្ជូន​ទៅ​​​សាលា​​​ដំ​​បូង​​​​រាជ​ធានី​ភ្នំពេញ​ ផ្តន្ទាទោស​​​បន្ត​តាម​​នីតិ​វិធី​​ច្បាប់​​ ។

តាម​ប្រភព​​​​ព័ត៌មាន​​​ដែល​ទាក់​ទិន​​​នឹ​​ង​​​ការ​រត់​​​គេច​​ខ្លួន​​​ពី​ពន្ធ​នាគារ​​​​​ព្រៃ​ស​​ ឈ្មោះ​​​យម​​​រាជ​​ បាន​និយាយ​​ថា ខ្លួន​​មិន​មែន​ជា​មេខ្លោង​​​​​​​កាត់​​​ចម្រឹង​​​គុក​ព្រៃ​ស​ រត់​ចេញ​​ឡើយ គឺ​ឈ្មោះ​ វែង ​ឈ្មោះ សឹង ឈ្មោះ ចាម​ ឈ្មោះ យួន ជា​មេ​ខ្លោង​ នៃ​គម្រោង​​​អារ​ចម្រឹង​​​​​ដែក​​រត់​​​គេចខ្លួន​​​ពី​គុក ។ ឈ្មោះ​ យម​​​រាជ និយាយទៀត​ថា នៅ​យប់​​​នោះ​​​​បើ​​​ខ្លួន​​​មិនរត់​​​តាម​​​ពួក​អាវែង​​ទេ គឺ​​ពួក​នោះ​​គំរាម​​​អារក​សម្លាប់​​ក្នុង​គុក​​ ដូច្នេះ​​​​ត្រូវ​បង្ខំ​​​ចិត្ត​​​រត់​តាម​​​គេ​ទៅ​ឈ្មោះ​​យមរាជ​​បាន​និយាយប្រាប់​​​កោះ​សន្តិ​ភាព​​​ទៀតថា​ ​សកម្ម​ភាព​ដែល​​​លួច​រត់​ចេញ​ពីគុក​នោះ​​ក៏​វា​​គ្រោះ​ថ្នាក់​​​​ដែរ ​តែត្រូវ​​​តែរត់​​ប្រសើរ​ជា​​ង​​ជាប់​គុក ។ ​

ឧក្រិដ្ឋ​ជន​​​​​យមរាជ​បាននិយាយ​​ទៀតថា​ ​សកម្មភាព​​​ក្នុង​​ពេល​ឡើង​អារចំរឹង​​​ដែក​រត់​ចេញពី​​​គុក​​គឺ​ឈ្មោះ​​​វែង ជាអ្នក​អារ ឯបក្ខ​ពួក​​ផ្សេង​ៗទៀត​​ឡើង​ជិះ​​​តៗគ្នា​​ទៅលើ​​ចំរ៉ឹង​​ដែក​បង្អួច​​គុក​ ក៏​យក​​​ខ្សែចង​ភ្ជាប់​​ចំរឹងដែក​​អារ​ឱ្យ​​ធំ​ល្មម​​ក្បាល​មនុស្ស​ចេញ​​រួច ក៏ឡើង​​​តាម​​ខ្សែ​លោត​​​ចុះ​​ជា​បន្ត​បន្ទាប់​​គ្នា​​សរុប​ជាង​​១០នាក់​ រត់​​​ចេញ​ពីគុក​​យក​​ប្រាស​អាយុ​​រៀងៗ​ខ្លួន ។ ​យមរាជ​បាន​និយាយ​ថា ​ឧបករណ៍​​សម្រាប់​​​អារចំរឹង​​បង្អួច​គុក​​នេះ​​ខ្លួន​ពុំ​​ដឹងថា ក្រុម​​អាវែង​​យក​​ចូល​តាម​​​​មធ្យោបាយ​​​​ណា​ឡើយ ។​

​ឈ្មោះ​​យមរាជ​​​​រៀប​រាប់​​​ទៀត​ថា នៅពេល​​ដែល​​ខ្លួន​​រត់​ចេញ​​​មក​ដល់​​ក្រៅ​​គុក​ ​​មាន​​​រថយន្ត​​មួយ​គ្រឿ​ង​​​ហៅ​គាត់​ថា​​ អាយមរាជ​ឱ្យ​ជិះ​​ជា មួយ​ ។ ប៉ុន្តែ​ពេល​​​នោះ​ខ្លួន​អត់​ទៅតាម​​​អ្នក​​ហៅ​ទេ គឺ​​រត់​តាម​​​មធ្យោ​បាយ​​​ថ្មើរជើង​​​តម្រង់​​​ទៅ​ផ្លូវ​​ជាតិ​លេខ​២ ឆ្ពោះ​​ទៅ​ខេត្ត​​កំពត​​​ សម្ងំ​​​រស់​នៅ​​​ខេត្ត​​កំពត​ធ្វើ​កម្មករ​ទូក​នេសាទ​​នៅតែ​​លើ​សមុទ្រ​អស់​​ប្រហែល​ជិត​៦​ឆ្នាំ​​ក៏​បន្ត​​ដំណើរ​ទៅ​​រស់​នៅ​​ធ្វើ​​កម្មករ​អូស​រទេះ​នៅ​ជាយ​ដែន​​​ប៉ោយ​ប៉ែត​​​​ និង​​​ទៅ​រកស៊ី​​ដាំដំណាំ​រហូត​មក​ដល់​បច្ចុប្បន្ន​​ ។ ដោយ​​ជួប​ការ​​លំបាក​ពេក​​​ក៏​សម្រេច​ចិត្ត​​ចូល​ខ្លួន​​​​មក​សារភាព​តែម្តង​​ ព្រោះ​​បើ​​សម្ងំ​​គេចខ្លួន​​​នៅ​តែ​មិន​​រួចដដែល​ ។

គួរកត់​សម្គាល់​ថា​ ​ហង្ស វុទ្ធី​ ហៅយម​រាជ​ត្រូវបាន​តុលាការ​​ផ្តន្ទាទោស​កំបាំង​មុខ​ មាន​​ច្រើន​​រឿង​ពាក់​ព័ន្ធ​ជាមួយ​​ហេង ពៅ​ ​ក្នុង​បទ​ល្មើស​​​ មនុស្ស​ឃាតគិតទុក​ជាមុន ។ ​ប៉ុន្តែ​សាល​​ក្រម​​​ទាំងអស់​​នោះ​ខាង​​សមត្ថកិច្ច​​​ក្រសួង​​​មហា​ផ្ទៃ​ ទទួល​បាន​​តែ៣​ករណី​ទេគឺ​៖
ទី​១-ផ្តន្ទាទោស​​ដាក់​ពន្ធនាគារ​រយៈពេល​១៦​ឆ្នាំ ករណី​ធ្វើ​មនុស្សឃាត​​​គិតទុក​ជាមុន​​​ លើ​លោក​​​គឹម ដារ៉ាវុធ​ ​ប្រធាន​សាខា​អគ្គិសនី​ចាក់​​អង្រែ​​ក្រោម ។
ទី២-​ផ្តន្ទា​ទោស​ឈ្មោះ​ហង្ស វុទ្ធី ហៅ​​យម​រាជ​ដាក់ពន្ធ​នាគារ​រយៈពេល​​១៨ឆ្នាំ ករណី​​ធ្វើ​មនុស្ស​​ឃាត​លើ​លោក​​សុខ សេដ្ឋាមុន្នី ចៅ​ក្រម​​​សាលា​ដំបូង​រាជធានីភ្នំពេញ​ ។
ទី៣-​ផ្តន្ទាទោសដាក់​ពន្ធនាគារ​រយៈពេល​១៥ឆ្នាំ​ ករណី​​​​ប៉ុនប៉ង​ធ្វើ​​​មនុស្ស​ឃាត​លើ​រូប​លោក​នាយ​ឧត្តម​​សេនីយ៍​​សៅ សុខា មេ​បញ្ជា​ការ​កង​រាជអាវុធ​ហត្ថលើ​ផ្ទៃប្រទេស ។​

ទោះជា​យ៉ាង​ណា​ ហង្ស វុទ្ធី ​ហៅយម​រាជ ត្រូវបាន​តុលាការ​​​ផ្តន្ទាទោស​ច្រើន​ករណី​ទៀត​ និង​មាន​​ទោស​ប្រហាក់​ប្រហែល​​​ឧក្រិដ្ឋជន​​ហេង ពៅ​ ដែល​ជា​អតីតមេ​របស់​ខ្លួន​ដែរ៕

អត្ថបទដែលជាប់ទាក់ទង