គណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ នៅតែបញ្ជាក់ថា ចំពោះការឃុបឃិត ចាប់យក ទិញ-លក់ និងលួចលាក់ចេញប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន របស់លោក តែ តាំងប៉ គឺជារឿងខុសច្បាប់
ភ្នំពេញ ៖ ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២គណៈកម្មការគ្រប់គ្រងអចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ បានជម្រាបជូន លោក តែ តាំងប៉ ដែលបានចេញផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ស្តីអំពីទំនាស់ដីធ្លីរវាងលោក តែ តាំងប៉ ជាមួយក្រុមគ្រួសារកងទ័ពជើងទឹក(រាម) ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ សូមធ្វើការស្រាយបំភ្លឺចំពោះ ករណី លោក តែ តាំងប៉ ដែលបានចុះផ្សាយជាបន្តបន្ទាប់។
១.ការចេញផ្សាយជាសាធារណៈ ច្រើនលើកច្រើនសារ របស់លោក តែ តាំងប៉ (តាមរយៈសារព័ត៌មាន បណ្តាញ សង្គម ផ្សេងៗ) មកលើលោកមេបញ្ជាការមូលដ្ឋានសមុទ្រ ក៏ដូចជាក្រុមគ្រួសារកងទ័ពជើងទឹក គឺជា ចេតនាយ៉ាងច្បាស់ ដើម្បីបំផ្លាញកិត្តិយស សេចក្ដីថ្លៃថ្នូរ បង្កាច់បង្គួចកេរ្តិ៍ឈ្មោះ និងធ្វើឱ្យមានការយល់ច្រលំ ដល់សាធារណៈជនមកលើកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ ព្រមទាំងមានបំណងចង់បានដី របស់ក្រុមគ្រួសារ កងទ័ពជើងទឹក ដែលកំពុងរស់នៅអាស្រ័យផលស្របច្បាប់ អស់រយៈពេលជាច្រើនឆ្នាំ (តាំងពីអំឡុងឆ្នាំ១៩៨៩) រហូតមកដល់ពេលបច្ចុប្បន្ន ហើយនៅពេលថ្មីៗនេះ ប្រជាពលរដ្ឋគ្រួសារកងទ័ពទាំង៦០គ្រួសារ បានដាក់ពាក្យ បណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ពីបទឃុបឃិតគូរក្លែងឯកសារសាធារណៈប្រើប្រាស់ឯកសារក្លែង និង បទផ្តល់សក្ខីកម្មក្លែងដាក់ជូនតុលាការដែលធ្វើឱ្យការកាត់ក្តីមានភាពមិនត្រឹមត្រូវ(ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១)។
២.គណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ នៅតែបញ្ជាក់សារជាថ្មីម្តង ទៀតថា ចំពោះការឃុបឃិត ចាប់យក ទិញ-លក់ និងលួចលាក់ចេញប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន របស់លោក តែ តាំងប៉ គឺជារឿងខុសច្បាប់ ព្រោះដីចំនួន(ចំនួន១០៣ហិកតា និង១៧ហិកតា) របស់គាត់(លោក តែ តាំងប៉)ស្ថិតនៅ ក្នុងដីចំនួន១.២០០ហិកតា ជាទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងដោយក្រសួងការពារជាតិ ដែលបានសម្រេចប្រគល់ ជូនកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ ធ្វើការគ្រប់គ្រង ហើយរាល់ការទិញ-លក់ដីក្នុងតំបន់នេះ គឺគ្មានបុគ្គល ឬ នាយទាហានរូបណាមានសិទ្ធអំណាចលក់-ទិញ ដោះដូរបាននោះទេ រួមទាំងមេបញ្ជាការមូលដ្ឋានសមុទ្រ ផងដែរ។ -ការលើកឡើងរបស់លោកតតាំងប៉ ថាបានទិញដីពីលោក ងួន យោង និងលោក ហ៊ីង ពុធដារ៉ ដោយមានការឯកភាពពីលោកមេបញ្ជាការមូលដ្ឋានសមុទ្រ, តើមានលិខិតស្នាមយល់ព្រមរបស់អង្គភាពនិង លិខិតផ្ទេរសិទ្ធិរបស់អង្គភាពជូនលោក ងួន យោង និងលោក ហ៊ីង ពុធដារ៉ា ដែរឬទេ? តើមានលិខិតស្នើសុំកសាងប័ណ្ណកម្មសិទ្ធិក្បាលដី(ខែកក្កដា ឆ្នាំ១៩៩៧) ដែរទេ?
-បើមានលិខិតស្នាមទាំងនោះ សូមបញ្ជូនទៅសា្ថប័នមានសមត្ថកិច្ច ឬតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
៣.គណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ ត្រូវបានរៀបចំបង្កើតឡើង ហើយសមាសភាពនៅក្នុងគណៈកម្មការនេះ សុទ្ធសឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំបញ្ហា និងចាត់ចែង គ្រប់គ្រង បានយ៉ាងម៉ត់ចត់ ហើយគណៈកម្មការ នៅតែបន្តការងាររបស់ខ្លួនមករហូតដល់ពេលបច្ចុប្បន្ននេះ។
ជាថ្មីម្តងទៀត គណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ្រសូមជម្រាបជូនលោក តែ តាំងប៉ ឱ្យបានជ្រាបថា៖
១.បញ្ឈប់ការចេញផ្សាយជាបន្ទាន់នូវរាល់ព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាធ្វើឱ្យសាធារណៈជនមានការយល់ច្រលំ ក្នុងគោលបំណងវាយប្រហារ ញុះញង់ បំបែកបំបាក់សាមគ្គីភាព បំបាត់ជំនឿទុកចិត្ត រវាង ថ្នាក់លើ និងថ្នាក់ក្រោម ប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់កងទ័ព ដែលកំពុងមានភារកិច្ច និងបាន លះបង់ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងកំពុងចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថេរភាពជូនប្រជាពលរដ្ឋ។ ២.បញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពក្លែងឯកសារ ប្រឌិតរឿងក្នុងការលួចទិញ-លក់ ធ្វើប័ណ្ណកម្មសិទ្ធិ ខុស ច្បាប់ និងសកម្មភាពអាណាធិបតេយ្យផ្សេងៗ នៅក្នុងតំបន់គ្រប់គ្រងដោយមូលដ្ឋានសមុទ្រ ព្រមទាំងឯកសារ ក្លែងបន្លំជាច្រើនទៀត។
សរុបសេចក្តីមក ពាក់ព័ន្ធបញ្ហាខាងលើនេះ គណៈកម្មការគ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋានសមុទ សូមកើនរំលឹកដល់បុគ្គលទាំងឡាយ ឱ្យបានជ្រាបថា ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ បើមិនបានរួមចំណែកការពារ សុខសន្តិភាព ស្ថេរភាព សេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ និងគិតគូរអំពីផលប្រយោជន៍ជាតិ សូមកុំមកបំផ្លិចបំផ្លាញសេចក្តីសុខរបស់ពួកគាត់ទៅបានហើយ៕