ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម បញ្ជូនមន្រ្តីអង្គភាពចំនួន៤ របស់ក្រសួងមហាផ្ទៃ ទៅបង្ក្រាបបទល្មើស នៅខេត្តព្រះសីហនុ

382


ភ្នំពេញ៖ ស្របពេលដែលនៅខេត្តព្រះសីហនុ ក្នុងរយៈពេលចុងក្រោយនេះ មានបទល្មើស គ្រប់ប្រភេទបានកើតឡើង ជាពិសេសក្រុមជនជាតិចិន បានបង្កភាពអនាធិបតេយ្យ អុកឡុក យ៉ាងខ្លាំងនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានបញ្ជាដល់អង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ឲ្យបង្កើតក្រុមប្រតិបត្តិការ ចុះទៅខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាបបទល្មើស។

សម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីប្រកាសចូលកាន់តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន អគ្គនាយក អគ្គាធិការ និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានថ្លែងថា អង្គភាពចំនួន៤នោះ របស់ក្រសួងមហាផ្ទៃ រួមមាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បានថ្លែងថា នៅខេត្តព្រះសីហនុ កំពុងតែមានសកម្មភាពជួញដូរ ការអភិវឌ្ឍ ហើយក៏មានភ្ញៀវទេសចរ ច្រើននៅទីនោះដែរ ដែលមកយ៉ាងគំហុកគួរឲ្យកត់សម្គាល់។ រយៈពេលខ្លីចុងក្រោយនេះ ភ្ញៀវទេសចរជនជាតិចិន បានសម្រុកទៅលេង ខេត្តព្រះសីហនុយ៉ាងច្រើន។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា “ធម្មតាទេថាជនជាតិណាក៏ដោយ ជាតិសាសន៍ណាក៏ដោយ វាតែងតែមានអ្នកល្អ អ្នកអាក្រក់ ហើយក្នុងពេលដែលស្ថានភាពនៅទីនោះ មិនទាន់បានរៀបចំស្រួល ឲ្យបានសមស្របនៅឡើយទេ អញ្ចឹងបង្កើតនូវបញ្ហាមួយចំនួន ដូចជាបទល្មើសសម្លាប់ ការប្រើប្រាស់គ្រឿងញៀន បញ្ហាបរិស្ថានអនាម័យ។ យើងដឹងហើយថា ទឹកសមុទ្រដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋកម្ពុជាយើង ក៏ដូចជាភ្ញៀវអន្តរជាតិ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ ឲ្យបានគ្រប់ជ្រុងជ្រោយទេ វាអាចធ្វើឲ្យទឹកសមុទ្រក្លាយជាសមុទ្រដល់ប្រើមិនកើត។ ក្រសួងមហាផ្ទៃ ដែលមានការទទួលខុសត្រូវច្រើន អញ្ចឹងស្នើថា យើងនឹងរៀបចំក្រុមការងារខ្លាមួយ ដើម្បីទៅគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលក្នុងនោះ ខ្ញុំគិតថាមានអគ្គនាយកដ្ឋាន៤ ដែលដើរតួ អគ្គរដ្ឋបាល អគ្គនគរបាល អន្តោប្រវេសន៍ ហើយនិងក្រុមអ្នកច្បាប់។ រៀបចំជាក្រុមមួយហៅថាក្រុមប្រតិបត្តិការ ឬក៏ក្រុមគាំទ្រ។ ប៉ុន្តែមិនមែនថាក្រុមគាំទ្រទៅធ្វើជំនួសរដ្ឋបាល ខេត្តព្រះសីហនុទេ ក៏ប៉ុន្តែទៅគាំទ្រជួយដោះស្រាយ នូវបញ្ហាទាំងឡាយណាដែលខេត្តមិនមានលទ្ធភាព រាល់ទាំងការបង្ក្រាបបទល្មើស ។

សូមបញ្ជាក់ថា ក្រោយពីមានបញ្ហាអសន្តិសុខ កើតឡើងស្ទើរាល់ថ្ងៃ នៅខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនជាតិចិន ធ្វើឲ្យពលរដ្ឋខ្មែរ និងអ្នកទេសចរណ សម្តែងក្តីព្រួយបារម្ភ ពីការរស់នៅ និងរកទទួលនៅទីនោះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានចាត់បញ្ជូនក្រុមការងារចំនួន១១រូប ទៅខេត្តព្រះសីហនុ ដើម្បីជួយដឹកនាំ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម នៅក្នុងខេត្តនេះ។
លោក នេត សាវឿន បានបញ្ជាក់ថា ក្រុមការងារនេះ មានភារកិច្ចដូចជា៖ ពិនិត្យ វាយតម្លៃសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅខេត្តព្រះសីហនុ ដើម្បីផ្តើមស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ចេញវិធានការដឹកនាំស្របតាមការវិវឌ្ឍន៍រីកចម្រើនថ្មី។ ពិនិត្យ ណែនាំដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រៀបចំផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង និងស្របតាមគោលការណ៍ ផែនការ ទិសដៅនានា របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដាក់ចេញ។ តាមដានការអនុវត្តន៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នើសុំការអនុញ្ញាតប្រើកម្លាំងអន្តរាគមន៍ ដោះស្រាយសភាពការណ៍ចាំបាច់មួយចំនួន ពីលោកអគ្គស្នងការ។ដឹកនាំប្រជុំបូកសរុប ដកពិសោធការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅខេត្តព្រះសីហនុ ប្រចាំឆមាស ឆ្នាំ និងតាមការចាំបាច់។ ធ្វើរបាយការណ៍បូកសរុបលទ្ធផល ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង