ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ី និងបេឡារុស សម្រេចបន្តធ្វើសមយុទ្ធយោធា ក្រោយវគ្គមុនត្រូវ បានបិទបញ្ចប់

69

កៀវ៖ ប្រទេសរុស្ស៊ីនឹងបន្តធ្វើសមយុទ្ធយោធា ជាមួយបេឡារុស ទៅមុខទៀត ក្រោយវគ្គមុនត្រូវបាន បិទបញ្ចប់ កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ នៅក្នុងតំបន់ ខណៈបណ្តាប្រទេសលោកខាងលិច នៅតែមើលឃើញថា រុស្ស៊ីកំពុងត្រៀមឈ្លានពានអ៊ុយក្រែន នៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសបេឡារុស បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការសម្រេចបន្តធ្វើសមយុទ្ធយោធា រវាងបេឡារុស និងរុស្ស៊ីទៅមុខទៀតនេះ គឺជាឆ្លើយតបទៅនឹងកម្មភាព យោធាបរទេស នៅកៀកតំបន់ព្រំដែន ប្រទេសរុស្ស៊ី និងបេឡារុស ព្រមទាំងស្ថានការណ៍នៅតំបន់ ដុនបាស (Donass) នៃភាគខាងកើតអ៊ុយក្រែនផងដែរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុសលោក វីកទ័រ ក្រេនីន (Viktor Khrenin) បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបន្តការធ្វើសមយុទ្ធយោធាទៅមុខទៀត រវាងកងទ័ពរុស្ស៊ី និងបេឡារុស គឺផ្តោតសំខាន់លើការត្រៀមលក្ខណៈឆ្លើយតប ចំពោះយោធាបរទេស ដែលមានចេតនាបង្ករឿង នៅតាមតំបន់ព្រំដែនរបស់យើង។

គួរបញ្ជាក់ថា បេឡារុសមិនបានអះអាង អំពីថេរវេលា ដែលកងទ័ពរុស្ស៊ីនឹងត្រូវបន្ត ស្ថិតនៅក្នុងទឹកដីរបស់ខ្លួននោះឡើយ ប៉ុន្តែរបាយការណ៍ពីអង្គការ NATO បានអះអាងថា កងទ័ពរុស្ស៊ីរហូតដល់ ៣០,០០០នាក់ កំពុងស្ថិតនៅក្នុងប្រទេស ធ្លាប់ស្ថិតក្រោម អតីតសហភាពសូវៀតមួយនេះ នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង