ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន៖ អ្នកវិភាគថា កំពង់ផែទឹកជ្រៅព្រះសីហនុអាចក្លាយជាអន្ទាក់បំណុលរបស់ចិនគឺខុសការពិតព្រោះកំពង់ផែកំពុងធ្វើសព្វថ្ងៃជាជំនួយជប៉ុន

72

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កំពង់ផែទឹកជ្រៅរបស់កម្ពុជានៅខេត្ដព្រះសីហនុក៏មានភាគហ៊ុនជប៉ុន និងរ៉ាប់រងទទួលប្រាក់កម្ចី និងជំនួយពី
ជប៉ុន តែអ្វីដែលអ្នកវិភាគថាកម្ពុជាជំពាក់បំណុលចិន រឿងកំពង់ផែនេះគឺខុសស្រឡះផ្ទុយពីការពិត។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមិនត្រូវពឹងតែជំនួយពីជប៉ុននោះទេ ប៉ុន្តែអ្វីសំខាន់នោះគឺធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជាដែលជាចំណុចសំខាន់សម្រាប់កម្ពុជា។ សម្តេចតេជោបានលើកឡើងថា កំពង់ផែខេត្ដព្រះសីហនុ ត្រូវបានរ៉ាប់រងទទួលខុសត្រូវ និងជួយទំនុកបម្រុងពីរដ្ឋាភិបាលជប៉ុន។ សម្តេចតេជោថ្លែងបញ្ជាក់ថា “អីចឹងទេអ្នកដែលបាននិយាយថាអន្ទាក់បំណុលលើបញ្ហាកំពង់ផែព្រះសីហនុ ដូចដែលគេនិយាយថាជាអន្ទាក់បំណុលរបស់ចិនដូចនៅស្រីលង្កា វាមិនមែនជាការពិតពីព្រោះកំពង់ផែទឹកជ្រៅនៅពេលនេះសព្វថ្ងៃនេះគឺត្រូវរ៉ាប់រងទទួលឱ្យប្រាក់កម្ចីនិងជំនួយពីជប៉ុនទៅវិញទេ”។ សម្តេចតេជោ បានប្រកាសទទួលគ្រប់ពីដៃគូ អភិវឌ្ឍន៍ទាំងអស់ ដែលមាន
បំណងចង់ជួយកម្ពុជា។ ជាក់ស្តែងដូចជាជប៉ុនបានជួយកម្ពុជា ដូចជាផ្លូវជាតិ អាស៊ានហាយវ៉េ ពីទីក្រុងហូជីមិញ ប្រទេសវៀតណាមទៅទីក្រុងបាងកក ប្រទេសថៃ ប្រមាណ៩០ភាគរយ ដែលជាប់ពីព្រំដែនកម្ពុជា-
វៀតណាម មកស្ពានអ្នកលឿន មកផ្លូវជាតិលេខ១ ហើយបន្តពីផ្លូវជាតិលេខ៥ ព្រែកក្តាមទៅព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោបានលើកឡើងថា អ្វីដែលជប៉ុនជួយកម្ពុជា គឺមានតាំងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe មកម៉្លេះ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា “អីចឹងទេសូមអ្នកនិយាយវិភាគមួយចំនួនដែលមិនយល់ដឹងពីការពិតឈប់និយាយទៀតទៅ ពីព្រោះកំពង់ផែកំពុងធ្វើប្រតិបត្តិការដឹកទំនិញចេញ-ចូលនេះ កំពុងតែមានរួម
ចំណែកនិងកសាងអ្វីៗ គឺមានពីជប៉ុន ហើយក៏ជប៉ុន កំពុងមានភាគហ៊ុនផងដែរ។ បើជប៉ុនអ្នកជួយ និងកសាងអ្វីៗ ហេតុអ្វីបានក្លាយជាអន្ទាក់បំណុលរបស់ចិន។ នេះជាការមួលបង្កាច់ដែលគួរមិនអាចវាយតម្លៃបាន យើងមិនដឹងថា ប្រៀបធៀបក្រុមរបស់គេជាអ្វី វាទៅផុតពីតិរច្ឆានទៅទៀត”៕

អត្ថបទដែលជាប់ទាក់ទង