កម្មវិធី Microsoft Edge អាចក្លាយជាកម្មវិធីដ៏ពេញនិយមទី២ សម្រាប់ចូលប្រើគេហទំព័រតាមរយៈកុំព្យូទ័រ
ភ្នំពេញ៖ បើយោងទៅតាមទិន្នន័យរបស់គេហទំព័រ StatCounter ដែលជាគេហទំព័រសម្រាប់តាមដាន ការប្រើប្រាស់កម្មវិធីបានបង្ហាញឱ្យឃើញថា ប្រជាប្រិយភាពរបស់កម្មវិធី Microsoft Edge កំពុងតែមានការកើនឡើងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលអាចឱ្យកម្មវិធីនេះ ក្លាយជាកម្មវិធីដ៏ពេញនិយមទី២ នៅក្នុងពិភពលោកបន្ទាប់ពីកម្មវិធី Google Chrome។
បច្ចុប្បន្នកម្មវិធី Microsoft Edge ត្រូវបានប្រើប្រាស់ចំនួនប្រមាណ ៩,៥៤% ទូទាំងពិភពលោក ដែលស្ទើរតែស្មើនឹងកម្មវិធី Safari ដែលមានចំនួនប្រមាណ ៩,៨៤%។ កាលពីខែមករា ឆ្នាំ២០២១ កម្មវិធី Safari មានចំនួនប្រើប្រាស់ ១០,៣៨% ដូច្នេះកម្មវិធីនេះកំពុងតែបាត់បង់ អ្នកប្រើប្រាស់បន្តិចម្តងៗ បើប្រៀបធៀបទៅ នឹងកម្មវិធីផ្សេងៗទៀត។ ប្រសិនបើការថយចុះនេះនៅតែបន្ត កម្មវិធីរបស់ក្រុមហ៊ុន Apple ទំនងជានឹងធ្លាក់ទៅលេខបី ឬទីបួននៅពេលខាងមុខ។
ខណៈពេលដែលការប្រើប្រាស់របស់កម្មវិធី Edge ជាមួយកុំព្យូទ័រហាក់ដូចជា ត្រូវបានកើនឡើងខ្លាំង នៅជុំវិញពិភពលោកបើប្រៀបធៀបទៅនឹងកម្មវិធីរបស់ក្រុមហ៊ុន Apple ប៉ុន្តែសម្រាប់នៅតំបន់ អាមេរិកខាងជើងវិញកម្មវិធី Safari នៅតែមានភាពពេញនិយម ខ្លាំងនៅឡើយ។ ម្យ៉ាងវិញទៀតសម្រាប់ ការប្រើប្រាស់ជាមួយ នឹងទូរសព្ទដៃ កម្មវិធី Safari នៅតែមានចំនួន អ្នកប្រើប្រាស់ច្រើន បន្ទាប់ពីកម្មវិធី Google Chrome ដោយសារតែអ្នកប្រើប្រាស់ទូរសព្ទ iPhone ភាគច្រើននៅតែ បន្តប្រើកម្មវិធី Safari ដដែល៕