សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសប្រារព្ធខួប លើកទី ២៣ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសប្រារព្ធខួប លើកទី ២៣ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២២។ សង្គ្រាមបានបន្សល់នូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវ សោកនាដកម្មដ៏ឈឺចាប់ដែលមិនធ្លាប់កើតមាន ពីមុនមកនិងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។
ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធខួបលើកទី២៣ ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២២ នេះ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន ថ្លែងនូវសារលិខិត ដើម្បីរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនដែល កំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងផ្ទុះទាំងនោះ។ សម្តេចតេជោ បានមានប្រសាសន៍ថា “ខ្ញុំតែងតែចាត់ទុកចំពោះការបាត់បង់ជីវិត ពិការ និងរបួសរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីន ថា “ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជនសូម្បីតម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល”។
សង្គ្រាមបានបន្សល់នូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវ សោកនាដកម្មដ៏ឈឺចាប់ដែលមិនធ្លាប់កើតមាន ពីមុនមកនិងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។ ជាមួយនឹងការ បង្រួបបង្រួមជាតិ ដែលនាំមកនូវស្ថិរភាពនយោបាយ សុខសន្តិភាពនិងសុវត្ថិភាពពេញលេញទូទាំងប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមនយោបាយ ឈ្នះ ឈ្នះ” នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាមាន លទ្ធភាពដោះស្រាយនូវផលអវិជ្ជមានលើគ្រប់វិស័យ។ ជាមួយគ្នានេះ សមិទ្ធផលលើវិស័យសកម្មភាពមីនបាន ចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ រយៈពេល ២៩ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំ ២៣២៥គីឡូម៉ែត ការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ ២១ភាគរយ រួមមានការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួន ៧៣២២ ៥៣៦ នាក់។ មីនប្រឆាំងមនុស្សចំនួន ១ ១១៨ ៦៩៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៥ ៩១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់ បញ្ចូលទាំងគ្រាប់បែកចង្កោម ចំនួន ២ ៩៧៧ ២៦៧គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅ។
ក្នុងនាមជាប្រទេសស្រឡាញ់សុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែយកចិត្តទុកដាក់ និងគិតគូរ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយសម្រាលទុក្ខលំបាករបស់បណ្តាប្រទេសដែលរងផលប៉ះពាល់ ដូចគ្នា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចូលរួមបំពេញបេសកកម្មក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន ៩ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងអាហ្វ្រិកណ្តាល សរុបចំនួន ៧ ៨៩៩នាក់ ក្នុងនោះស្ត្រីចំនួន ៥២៨នាក់។
ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ សម្តេចតេជោ ឆ្លៀតយកឱកាសនេះ សម្តែង នូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុត ជូនចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ប្រតិបត្តិករជាតិ និងអន្តរជាតិ ជាពិសេសប្អូនៗ ក្មួយៗ ជាអ្នកដោះមីន ដែលបានខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង កិច្ចការបោសសម្អាតមីនលក្ខណៈមនុស្សធម៌នេះ ដែលទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានចាត់ទុកវិស័យបោស សម្អាតមីនជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្ដល់សុខសុវត្ថិភាព ការជំរុញការ អភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែក ចង្កោមចំនួន ១ ២៤០គីឡូម៉ែត្រការ៉េ បន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” ជាមួយគ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោមនិងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ដែលយើងត្រូវតែយកចិត្តទុកដាក់។