អភិបាលរងរាជធានី៖ ការទុកដាក់ ការបែងចែក និងការប្រមូលសំរាម ចេញពីរាជធានីភ្នំពេញ បច្ចុប្បន្ន មានលក្ខណៈល្អប្រសើរជាង មុនច្រើនណាស់
ភ្នំពេញ៖ នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និងការប្រមូលសំរាមចេញពីរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុន ដឹកជញ្ជូនសំរាមចំនួនបីមានការប្រកួតប្រជែងគ្នា ជាមួយនឹងការចូលរួម ពីវិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋផងដែរនោះ។
នេះបើតាមការបញ្ជាក់ពីលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក អញ្ជើញទទួលធុងសំរាមពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅលើសួនច្បារសម្ដេចតេជោហ៊ុនសែន ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខខណ្ឌចំការមននាព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ ២០២២នេះ។
លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា ការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋ ជាការខិតការខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេស ការអប់រំប្រជាពលរដ្ឋ អោយបានដល់ដឹង ពីការទុកដាក់ ការញែកសំរាមសំណល់ រឹងទៅតាមប្រភេទរបស់វា ដែលធ្វើអោយទីក្រុងភ្នំពេញរបស់យើង ស្អាតបន្ថែមពីលើពេលបច្ចុប្បន្នមួយកម្រិតទៀត ។
លោកបន្តថា នៅតំណាក់កាលចុងក្រោយនេះ នៅរាជធានីភ្នំពេញ មានក្រុមហ៊ុនប្រមូលសំរាម ចំនួន៣ប្រកួតប្រជែងគ្នា លើការប្រមូលសំរាម ដែលធ្វើឲ្យរាជធានីភ្នំពេញ មានសោភ័ណភាព មានបរិស្ថានល្អប្រសើរជាងមុនយ៉ាងខ្លាំង។ បន្ថែមពីនេះវិស័យឯកជន និងប្រជាពលរដ្ឋក៏បានចូលរួម ជាមួយរដ្ឋបាលរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំផងដែរ ដែលធ្វើឱ្យទីក្រុងភ្នំពេញកាន់តែមានភាពស្រស់ស្អាតនិងមានបរិស្ថានល្អ ដែលធ្វើអោយប្រជាពលរដ្ឋ មានភាពរីករាយសប្បាយចិត្ត ។
ក្នុងឱកាសនោះ លោកនួន ផារ័ត្ន ក៏បានធ្វើការអំពាវនាវអោយ បងប្អូនប្រជាពលរដ្ឋដូចជា វិស័យឯកជនចូលរួមជាមួយ រដ្ឋបាលរាជធានីភ្នំពេញបន្ថែមទៀត លើការទុកដាក់សំរាម ដើម្បីអោយភ្នំពេញរបស់យើង កាន់តែមានសោភ័ណ្ឌភាព មានបរិស្ថានល្អប្រសើរជាង មុនបន្ថែមទៀត។
គួរបញ្ជាក់ថា ក្នុងកម្មវិធីនោះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ធុងបែងចែកសំរាមចំនួន ៥០ ឈុត ត្រូវនឹង ១៥០ធុង ជូនរដ្ឋបាលរាជធានី ដើម្បីដាក់នៅទីតាំង សួនសាធារណៈមួយចំនួន នៅរាជធានីភ្នំពេញ៕