រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពី ការអនុវត្ដវិធានការច្បាប់ លើក្រុមបាតុករ អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបន្ដអនុវត្ដវិធានការច្បាប់លើក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាព័ត៌មាន ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា បាតុករ ចំនួន ៣៩នាក់ កាលពីម្សិលម៉ិញដែលបានអញ្ជើញទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ មានចរិតរឹងរូស ច្រងេងច្រងាង មិនសហការជាមួយក្រុមគ្រូពេទ្យនៅទីតាំង ដោយពេលទៅដល់ មិនព្រមចាកចេញពីរថយន្ត មិនព្រមបំពេញបែបបទដើម្បីផ្ទៀងផ្ទាត់ឈ្មោះ នៅពេលបំពេញហើយមិនព្រមប្រគល់ជូនក្រុមគ្រូពេទ្យរហូតដល់ យប់បន្ដិចទើបពួកគាត់យល់ព្រមប្រគល់បែបបទជូនក្រុមគ្រូពេទ្យ ដើម្បីផ្ទៀងផ្ទាត់ឈ្មោះជាមួយក្រុមបាតុករ ប្រមាណ ៣០០នាក់ ដែលមិនទាន់បានយកសំណាកនៅកោះពេជ្រ។ ដោយពេលវេលាមិនអំណោយផល ឈានចូលដល់យប់ជ្រៅបន្តិច ក្រុមគ្រូពេទ្យពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីយកសំណាកបន្តទៀត ទើប រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងសម្ភារប្រើប្រាស់មួយចំនួនរួមមាន មុង ភួយ ខ្នើយ ផ្តល់ជូនក្រុមបាតុករទាំងអស់នោះនៅមណ្ឌលចត្តាឡីស័កជាបណ្តោះអាសន្ន។ ជាការសោកស្តាយ ក្រុមបាតុករបានច្រានចោលមិនទទួលយកការរៀបចំផ្ដល់ជូនការស្នាក់នៅ ថែមទាំងបានស្រែកឡូឡា បង្កភាព គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងមណ្ឌល និងរុញចោលនូវសម្ភារសម្រាប់ប្រើប្រាស់ បដិសេធការចូល ស្នាក់នៅក្នុងបន្ទប់សម្រាក ព្រមទាំងធ្វើសកម្មភាពបង្កើតព្រឹត្តការណ៍ដើម្បីបំភាន់សាធារណមតិ ដោយនាំគ្ន ប្រមូលផ្តុំសម្រាកផ្ទាល់ដីនៅក្រៅបន្ទប់ រួចថតរូបភាពធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងន័យទម្លាក់ កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌល។
លុះព្រឹកឡើង ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ០៤នាក់ ក្នុងចំណោមបាតុករ ចំនួន ៣៩នាក់។ នេះសរបញ្ជាក់ឱ្យឃើញថា ក្នុងចំណោមក្រុមបាតុករប្រមូលផ្ដុំធ្វើបាតុកម្មខុសច្បាប់តាម ទីសាធារណៈ ដោយមិនគោរពតាមវិធានសុខាភិបាល នៅតែមានហានិភ័យចំពោះសុខភាពសាធារណៈ ដែល អាចបង្កការឆ្លងរាលដាលសទៅក្រុមបាតុករដទៃទៀត ឈានដល់ក្រុមគ្រួសារ និងសហគមន៍កាន់តែច្រើន ឡើង។ ដោយសារករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុវត្តវិធានការច្បាប់ ដោយពិន័យអន្តរការណ៍ ជាប្រាក់ចំនួន ១លានរៀល ក្នុងបាតុករម្នាក់ៗ ស្របតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច សាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ក្នុងការឆ្លៀតឱកាសក្រោមលេសធ្វើកូដកម្មដោះស្រាយវិវាទការងារ មនុស្សមួយក្រុមតូចបាន សន្សំចិត្ត ណែនាំឱ្យក្រុមបាតុករបង្កើតឈុតឆាកល្ខោនតាមការគ្រោងទុក ហើយថតរូបភាពសម្រាប់បង្ហោះតាមបណ្ដាញ សង្គមដើម្បីបំភាន់សាធារណមតិ ដូចករណ៏នាំគ្នាមិនសម្រាកក្នុងបន្ទប់ដែលរៀបចំជូន បែរជាមកសម្រាកផ្ទាល់ ដីនៅខាងក្រៅបន្ទប់ទៅវិញ សម្ដែងដូចជាកម្សត់ វេទនា ដើម្បីឱ្យមហាជនយល់ច្រឡំថា អាជ្ញាធរមានសមត្ថកិច្ច ធ្វើបាប កៀបសង្កត់ និងធ្វើទុក្ខបុកម្នេញពួកគាត់។ រូបភាពដែលធ្លាប់សម្ដែងកន្លងមក គឺមិនគ្រប់គ្រាន់សម្រាប់ មហិច្ឆតារបស់ក្រុមគេឡើយ ជាក់ស្តែងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមបាតុករចំនួន ៥៤នាក់ ត្រូវបានគេអូសទាញញុះញង់ឱ្យមកប្រមូលផ្ដុំធ្វើបាតុកម្មបន្តទៀត នៅលើផ្លូវសាធារណៈ ក៏ត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចអញ្ជើញពួកគាត់ទៅកាន់មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះ បាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តរកវីរុសកូវីដ-១៩ និងណែនាំដល់បាតុករ ដែលបានប៉ះពាល់គ្នាធ្វើតេស្តជាបន្តបន្ទាប់តាមវិធានសុខាភិបាល ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងពិន័យជា ពីរប្រភេទគឺ ទី១- ចំពោះអ្នកដែលធ្លាប់ត្រូវបានអប់រំកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រសិនបើមាន វត្តមាននៅក្នុងចំណោមអ្នកទាំង ៥៦នាក់ នឹងធ្វើការផាកពិន័យទ្វេដងក្នុងករណីមិនរាងចាល ទី២- អ្នកដែល មកធ្វើបាតុកម្មថ្មីផ្សេងទៀត នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១លានរៀល ក្នុងបាតុករម្នាក់ ស្របតាម អនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ដទៃទៀត សូមកុំជឿតាមការអូសទាញរបស់ជនឱកាសនិយមមួយក្តាប់តូច ដើម្បីកេងចំណេញ យករូបភាពសម្រាប់ធ្វើអាជីវកម្មបំពេញមហិច្ឆតារបស់ខ្លួន បែរជាឱ្យក្រុមបាតុករជាអ្នករងគ្រោះទទួលខុសត្រូវ ចំពោះមុខច្បាប់ទៅវិញ ហើយសូមឱ្យបញ្ឈប់នូវរាល់សកម្មភាពប្រមូលផ្ដុំខុសច្បាប់ផ្ទុយនឹងវិធានការសុខាភិបាល ទោះក្នុងរូបភាពណាមួយក៏ដោយ និងត្រូវចូលរួមសហការជាចាំបាច់ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាលដែលបានដាក់ចេញ ដើម្បីធានាបាន នូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំង ការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត។