ថ្ងៃនេះ ជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញ រវាងសម្តេចតេជោ ហ៊ុន សែន និងភរិយា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ថ្ងៃនេះ ជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)។
សម្តេចតេជោ បានលើកឡើងថា ជារៀងរាល់ឆ្នាំ ខ្ញុំតែងបង្ហោះនូវដំណើររឿងនេះ ដើម្បីរំលឹកខ្លួនឯងនូវរឿងឈឺចាប់ផង និងចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំ និងភរិយាជូនបងប្អូនដែលចង់ដឹងផង។
ខ្ញុំបានក្លាយជាបុរសពោះម៉ាយមួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខប្តី ស្រីព្រាត់)។ រីឯភរិយាខ្ញុំបានក្លាយជាស្ត្រីមេម៉ាយកូន១ មួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខស្រី ប្តីព្រាត់)។
ថ្ងៃនេះ ខ្ញុំគួរនិយាយរឿងដែលខ្ញុំពុំទាន់បាននិយាយក្រោយការជួបគ្នា។ ល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំបានជួបជាមួយភរិយានិងកូនខ្ញុំវិញ ក្រោយបែកគ្នាកាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ដែលពេលនោះកូនរបស់ខ្ញុំ នៅក្នុងផ្ទៃ៥ខែប៉ុណ្ណោះ។ ការជួបគ្នាគឺជារឿងសប្បាយណាស់ ព្រោះយើងនៅរស់ទាំងអស់គ្នានិងបានជួបគ្នាឡើងវិញ។ សម្រាប់រូបខ្ញុំកាន់តែសប្បាយ ដោយបានដឹងនិងឃើញថាមានកូនប្រុស ហើយខ្ញុំបានក្លាយជាឪពុករបស់កូន។ អកុសលសម្រាប់រូបខ្ញុំ គឺកូនមិនព្រមហៅយើងថាជាឪពុក និងកាន់តែលំបាក គឺកូនមិនព្រមឲ្យយើងទៅជិតម្តាយគេទៀតផង។
ម៉ាណែត ទើបបានផ្តាច់ដោះប៉ុន្មានសប្តាហ៍មុនពេលមកជួបខ្ញុំ។ រ៉ានី បានប្រាប់ខ្ញុំថា ពេលរសៀលក្នុងថ្ងៃឆ្លងសាឡាងអ្នកលឿងក្នុងដំណើរមកភ្នំពេញ ម៉ាណែត បានក្រឡេកឃើញគេលក់នំបុ័ង ម៉ាណែត ឃ្លានណាស់ចង់បាននំបុ័ងញាំ តែទាំងភរិយាខ្ញុំ ស៊ីណាតប្អូនស្រីខ្ញុំ និងអតីតយុទ្ធមិត្ត២នាក់ ដែលជិះម៉ូតូដឹកភរិយានិងកូនខ្ញុំ មកកាន់ទីក្រុងភ្នំពេញ គ្មានប្រាក់ ឬរបស់អ្វី ដើម្បីដោះដូរជាមួយ នំបុ័ងនេះឡើយ។
ម៉ាណែត កូនកំសត់មួយនេះបានត្រឹមលេបទឹកមាត់ មើលមុខម្តាយដែលកំពុងហូរទឹកភ្នែកអាណិតកូន។ បន្ទាប់ពីបាយល្ងាចនិងក្រោយ ដឹងរឿងនំបុ័ង នៅលើសាឡាងអ្នកលឿង ខ្ញុំរកបានស្ករគ្រាប់ប្រហែល ជាង១០គ្រាប់ ប្រគល់ឲ្យកូន។ ម៉ាណែត ទទួលយក តែគេយកទៅគប់លេង ព្រោះគេមិនស្គាល់ស្ករគ្រាប់ទេ។ ខ្ញុំបកស្ករគ្រាប់ប្រគល់ឲ្យ ម៉ាណែត តែកូនរុញដៃខ្ញុំចេញ ដល់ពេលខ្ញុំហូបស្ករគ្រាប់ទើប ម៉ាណែត ដឹងថាជារបស់សម្រាប់ញាំ ម្តងនេះ ម៉ាណែត ញាំស្ករគ្រាប់ទាំងសំបករហូតភរិយាខ្ញុំ ឃើញក៏បកសំបក ស្ករគ្រាប់ឲ្យ តែគាត់ឲ្យញាំតែ២គ្រាប់ប៉ុណ្ណោះ ព្រោះខ្លាចកូនក្តៅខ្លួន។
នេះហើយជារសជាតិ នៃកុមារជំនាន់ ប៉ុលពត ដែលមិនដែលបានរបស់ហូប ឬសម្ភារៈនៃល្បែងលេងសម្រាប់កុមារ។
ប្រហែលម៉ោង៩យប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ភរិយាខ្ញុំបានឲ្យ ម៉ាណែត គេងកើយដៃនៅលើគ្រែដែលអាចជាទម្លាប់បែបនេះពីមុនមក។ មួយសន្ទុះក្រោយមកខ្ញំឡើងទៅដេកលើគ្រែ ជាមួយប្រពន្ធខ្ញុំស្រាប់តែ ម៉ាណែត ស្រែកយំហើយដេញខ្ញុំចុះពីគ្រែ។ ពេលខ្ញុំចុះពីលើគ្រែទើប ម៉ាណែត ឈប់យំ។ ខ្ញុំត្រូវអង្គុយរងចាំ ម៉ាណែត ដេកលក់ទើបហ៊ានឡើងលើគ្រែ។ ខ្ញុំបន្តធ្វើបែបនេះប្រហែល៣សប្តាហ៍។ ថ្ងៃមួយ ខ្ញុំសាកល្បងលេងសើចជាមួយប្រពន្ធខ្ញុំ ដោយធ្វើមិនដឹងមិនឮជាមួយ ម៉ាណែត ដោយឡើងដេកទទូរភួយជិតទាំងពីរនាក់ ស្រាប់តែមិនឮ ម៉ាណែត យំទៀតទេ ថែមទាំងមិនឮសម្លេងកូនទៀតផង។
ដោយមិនឮសម្លេងកូនខំបើកភួយឡើងវិញ ស្រាប់តែបាត់កូនខំបើកទ្វារមករកកូនខាងក្រៅបន្ទប់ រកមិនឃើញ តែបែរជាមករកឃើញកូនសម្ងំគេងក្រោមគ្រែ ទាំងទឹកមុខមិនសប្បាយចិត្ត។ ថ្ងៃក្រោយមកយើងសាកល្បង លេងជាមួយកូនម្តងទៀត តែម្តងនេះ ម៉ាណែត មិនយំ មិនរត់ពួនទៀតទេ គឺឡើងជិះឪពុក ម្តាយពីលើភួយតែម្តង។ ចាប់ពីពេលនោះហើយដែល ម៉ាណែត បានហៅខ្ញុំថាពុក។
សូមបញ្ជាក់ជូនថា ខ្ញុំនិងភរិយាចិញ្ចឹមកូនចំនួន៥នាក់ មិនដែលមានមេដោះទេ គ្រប់យ៉ាងយើង ត្រូវធ្វើខ្លួនឯងដើម្បីកូន។ ដោយសាររឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មីកំ ពុងត្រូវបានថត ខ្ញុំសង្ឃឹមថា វគ្គនេះអាចបង្កើតបានជាឈុតឆាកមួយចំនួនផងដែរ៕