ថ្ងៃនេះគុនល្បុក្កតោ ចាប់ផ្ដើមប្រកួត ជើងឯកជាតិឆ្នាំ២០២១
ភ្នំពេញ៖ ថ្ងៃទី២៥កុម្ភៈនេះសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបើកការប្រកួតជើងឯកជាតិឆ្នាំ២០២១ ដែលការប្រកួតធ្វើនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាការាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
ការប្រកួតជើងឯកជាតិឆ្នាំនេះសហព័ន្ធសម្រេច ដាក់ឲ្យប្រកួតចំនួន២១វិញ្ញាសា ។អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោ
លោកអ៊ួ តារាបានបញ្ជាក់ថា ការប្រកួតនេះវាមិនខុស ពីយុទ្ធនាការចម្រាញ់រកកីឡាករ កីឡាការិនីឆ្នើមដែលមាន សមត្ថភាពខ្ពស់ គុណផលល្អ
សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ការប្រកួតនេះមានកីឡាករ កីឡាការិនីមកពីសំណាក់គុន ទូទាំងប្រទេសចំនួន២៨ចូលរួមដែលមានកីឡាករ កីឡាការិនីគ្រូបង្វឹក ប្រតិភូ អាជ្ញាកណ្ដាល ចៅក្រមចំនួន២៥០នាក់ចូលរួម ។
វិញ្ញាសាទាំង២១នោះចែកចេញជាប្រភទទម្រង់សម្ដែងទ្វារមេគុនដៃ ទ្វារមេគុនអាវុធឥតមុខ ទ្វារមេគុនអាវុធមានមុខ ទ្វារមេគុនព្រលឹងល្បុក្កតោ ទ្វារមេគុនដៃជាក្រុម សមយុទ្ធបុរស១ទល់១ សមយុទ្ធនារី១ទល់១ ។ ក្រៅពីនោះមានប្រភេទវិញ្ញាសាប្រយុទ្ធដែលផ្នែកបុរសមាន
ប្រភេទទម្ងន់៤៨ទៅ៥០គីឡូក្រាម ៥២ទៅ៥៤គីឡូក្រាម និងទម្ងន់៦៤ទៅ៦៦គីឡូក្រាម ។
ចំពោះវិញ្ញាសាប្រយុទ្ធនារីវីញ មានប្រភេទទម្ងន់ក្រោម ៤៥គីឡូក្រាម ទម្ងន់៤៨ទៅ៥០គីឡូក្រាម ទម្ងន់៥៣ទៅ៥៥គីឡូក្រាម និងប្រភេទទម្ងន់៥៨ទៅ៦០គីឡូក្រាម ។
នេះគឺជាការប្រកួតប្រចាំឆ្នាំសំខាន់មួយ ដើម្បីវាស់ស្ទង់សមត្ថភាពរួមជាមួយ នឹងការពង្រឹងបច្ចេកទេសសម្រាប់ ត្រៀមស៊ីហ្គេមហេតុ
នេះកីឡាករ កីឡាការិនីដែល ចូលរួមប្រកួតទាំងអស់ ត្រូវតែបញ្ចេញឲ្យអស់ពីសមត្ថភាព កលល្បិចដែលខ្លួនមាន ដើម្បីប្រជែងយកចំណាត់
ថ្នាក់ល្អដើម្បីចូលរួម ក្នុងក្រុមជម្រើសជាតិ ៕