លោក វ្ល៉ាឌីមៀ ពូទីន ព្រមានកុំឱ្យបណ្ដាប្រទេសដទៃ លូកដៃចូលជួយអ៊ុយក្រែន បើពុំដូច្នោះទេពួកគេនឹងត្រូវជួប ផលវិបាកយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ពីមុនមក នៅក្នុងប្រវត្តិសាស្ត្រ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានកុំឱ្យបណ្ដាប្រទេសដទៃ លូកដៃចូលជួយអ៊ុយក្រែន បើពុំដូច្នោះទេពួកគេនឹងត្រូវជួប ផលវិបាកយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ ខណៈការព្រមាននេះត្រូវបាន ក្រុមប្រទេសលោកខាងលិច ព្រួយបារម្ភពីផ្ទូះអាវុធនុយក្លេអ៊ែរសំណាក់រុស្ស៉ី។
លោក ពូទីន ធ្វើការព្រមានបែបនេះ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ភ្លាមៗក្រោយលោកប្រកាស ធ្វើប្រតិបត្តិការយោធាប្រឆាំង អ៊ុយក្រែន។ បុរសខ្លាំងរុស្ស៊ីរូបនេះ មិនបាននិយាយដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ប៉ុន្តែការព្រមានរបស់លោកកំពុង បង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះសង្រ្គាម នុយក្លេអ៊ែរ ប្រសិនបើសង្រ្គាមនៅអ៊ុយក្រែន រាលដាលដល់ប្រទេសជាសមាជិក NATO ដទៃ នៅក្នុងតំបន់អឺរ៉ុបខាងកើត ក្បែរខាងរុស្ស៊ី។
អ៊ុយក្រែនមិនមែនជាសមាជិក NATO ឡើយ ហើយសហរដ្ឋអាមេរិកក៏បានបញ្ជាក់ហើយដែរថា ខ្លួននឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ប្រយុទ្ធ ជាមួយកងទ័ពរុស្ស៊ីនោះទេ។ តែទីក្រុងវ៉ាស៊ីនតោនបានអះអាងថា នឹងចេញមុខចូលជួយភ្លាមៗ បើរុស្ស៊ីឈ្លានពានប្រទេសជាសមាជិក NATO អនុលោមតាមមាត្រា៥ ដែលចែងថា ការវាយប្រហារលើសមាជិក NATO គឺជាការវាយប្រហារលើ NATO ទាំងមូលដែលតម្រូវឱ្យប្រទេសជាសមាជិកទាំងអស់ ត្រូវចាត់វិធានការឆ្លើយតប៕