ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ចេញសារអំពាវនាវ ស្តីពីការធ្វើជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមិនា

284

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារអំពាវនាវ ស្តីពីការធ្វើជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ជាជំរឿនសេដ្ឋកិច្ចលើកទី២ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានធ្វើ “ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១ និង “អង្កេតចន្លោះជំរឿន សហគ្រាសនៅក្នុងឆ្នាំ២០១៤ ហើយក៏ជាជំរឿនសេដ្ឋកិច្ចលើកទី១ ដែលប្រើប្រាស់ថវិកាជាតិទាំងសុង ខណៈដែលប្រទេសកម្ពុជាបានក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប និងកំពុងត្រៀមខ្លួនចាកចេញ ពីចំណាត់ក្រុមនៃប្រទេស មានការអភិវឌ្ឍតិចតួច។

សម្តេច បានបន្ថែមទៀតថា ការធ្វើជំរឿនសេដ្ឋកិច្ច ជាការងារដ៏ធំនិងមានសារៈសំខាន់ សម្រាប់ប្រទេសជាតិ ហើយជាការងារស្ថិតិ ពិតប្រាកដដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការ ប្រើប្រាស់ទិន្នន័យចម្បង ដែលមានការកើន ឡើងជាលំដាប់របស់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានា សម្រាប់ធ្វើជាធាតុចូល ដ៏សំខាន់ ក្នុងការរៀបចំគោល នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជា និងជាសូចនាករសំខាន់សម្រាប់ការត្រួតពិនិត្យ តាមដាន ការសម្រេចបាននូវការអនុវត្តកម្មវិធី គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា, យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងការរៀបចំនូវគោលនយោបាយផ្សេងទៀត ជាពិសេស ដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់ដែលបណ្តាលមកពី ការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើអង្គភាពសេដ្ឋកិច្ច ដែលជាកាតាលីករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចជាមធ្យម ៧%ក្នុងមួយឆ្នាំ រយៈពេល១០ឆ្នាំកន្លងមក។

ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គឺផ្អែកតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់ឱ្យធ្វើ “ជំរឿនសេដ្ឋកិច្ច” ក្នុងរយៈពេល១០ឆ្នាំម្ដង ជាមួយនឹងការធ្វើអង្កេតចន្លោះជំរឿនសេដ្ឋកិច្ចនៅពាក់កណ្តាល ជំរឿន(៥ឆ្នាំម្តង) និងបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ ត្រូវចូលរួមសហការក្នុងការធ្វើជំរឿនសេដ្ឋកិច្ច។

ទិន្នន័យទាំងអស់ដែលបានមកពីជំរឿនសេដ្ឋកិច្ច គឺជាទិន្នន័យពិតប្រាកដ ដែលបានមកពីគ្រប់អង្គភាព សេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗ។ ដូច្នេះ គ្រប់ប្រទេសនៅលើ ពិភពលោកសុទ្ធតែមានការចាំបាច់ក្នុងការធ្វើជំរឿនគ្រប់អង្គភាពសេដ្ឋកិច្ច ក្នុងនោះប្រទេសដែល មានសុខសន្តិភាព ស្ថិរភាពនយោបាយ អាចប្រមូលទិន្នន័យស្ថិតិបានល្អ ជាពិសេសការធ្វើជំរឿន សេដ្ឋកិច្ចនេះ សម្តេចជម្រាបជូនថា លទ្ធផលទិន្នន័យដែលបានមកពីការធ្វើជំរឿនសេដ្ឋកិច្ច នឹងត្រូវបានប្រើប្រាស់ដ៏ទូលំទូលាយ នៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

សម្តេចបានមានប្រសាសន៍ថា “ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវដល់ម្ចាស់អង្គភាពសេដ្ឋកិច្ច មានជាអាទិ៍ ក្រុមហ៊ុន រោងចក សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ សូមជួយគាំទ្រនិង ចូលរួមការងារនេះដោយរីករាយ ព្រមទាំងផ្តល់ព័ត៌មានតាមសំណួរសម្ភាសន៍ដល់មន្ត្រីធ្វើជំរឿនសេដ្ឋកិច្ចឱ្យបាន គ្រប់គ្រាន់ ត្រឹមត្រូវ ជាក់លាក់ និងទាន់ពេលវេលា ដើម្បីជាប្រយោជន៍ដល់រាជរដ្ឋាភិបាល សម្រាប់រៀបចំ គោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន “៕

អត្ថបទដែលជាប់ទាក់ទង