ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់វគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ

357

 

ភ្នំពេញ:វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្រិតមូលដ្ឋានដែលបានដំណើរការពីថ្ងៃទី២៣ខែមករា
រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២បានបញ្ចប់ហើយ ។

លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ ចំពោះវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ ប្រាណកម្រិតមូលដ្ឋាន ដែលបានដំណើរការរយៈពេលមួយខែនេះ ។

លោកអនុប្រធាននាយកដ្ឋានក៏បានកោតសរសើរចំពោះលោកតឹកប៊ុនវីប្រធានសហព័ន្ធកីឡាកាយវបក្បកម្មនិងលំហាត់ប្រាណ
កម្ពុជា លោក លោកស្រី ជាគណៈកម្មាធិការប្រតិបត្តិ លោកគ្រូ កីឡាករ កីឡាការិនី និងលោកអគ្គលេខាធិការ សុខ វណ្ណៈ ដែលបានខិតខំយកអស់កម្លាំងកាយកម្លាំងចិត្តស្មារតីសម្ភារថវិកាដើម្បីដឹកនាំគ្រប់គ្រងអភិវឌ្ឍប្រភេទកីឡាជំនាញនេះឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោក ទុយ ប៊ុនហឿន បានលើកបង្ហាញទៀតថា កម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន ដែលធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយសារក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ហើយសម្តេចបានចាត់ទុកការងារអប់រំកាយ និងកីឡា កំពុងដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»។

ក្រសួងអប់រំយុវជននិងកីឡាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយនិងកីឡាដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍ ជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងការរីកចម្រើននៅក្នុង តំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀប ចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។

ដើម្បីឱ្យការធ្វើកំណែទម្រង់នេះទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡាសំណូមពរដល់សហព័ន្ធត្រូវខិតខំប្រឹងប្រែងរួមគ្នាសាមគ្គីគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ក្រោមពាក្យស្លោក រួមគ្នាគិត រួមគ្នាធ្វើ ធ្វើដំណើដោយស្វាហាប់ ដើម្បីកម្ពុជាឆ្ពោះទៅជោគជ័យការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកតឹកប៊ុនវីប្រធានសហព័ន្ធកីឡាកាយវបក្បកម្មនិងលំហាត់ប្រាណកម្ពុជាគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាលកីឡាកាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋានឆ្នាំ២០២២នេះត្រូវបានធ្វើឡើងស្របតាមកម្មវិធីប្រតិបត្តិប្រចាំឆ្នាំ២០២២របស់សហព័ន្ធដោយមានសិក្ខាកាមចូលរួមសរុប៣០នាក់ ក្នងនោះមាននារី៤នាក់មកពីបណ្តាក្លឹបជាសមាជិក។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣មករាដល់២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជា នៅលើផ្សារសំណង់១២ រាជធានីភ្នំពេញ។

ឆ្លងតាមការសិក្សាអស់រយៈពេល៣៥ថ្ងៃដោយមានការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់ការគោរពពេលវេលាប្រកបដោយភាពទទួលខុសត្រូវគណៈគ្រប់គ្រងវគ្គទទួលបាននូវលទ្ធផល គឺនិទ្ទេសល្អណាស់ ៨នាក់ និទ្ទេសល្អ១៧នាក់ និទ្ទេសមធ្យម ៥នាក់។

វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋាននាពេលនេះពិតជាមានសារៈសំខាន់ក្នុងការពង្រឹងនិងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង