អភិបាលខណ្ឌចំការមន បើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌចំការមន ស្ដីពីការងាររៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវ និងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ
ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ
រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Zoom Meeting) មានការអញ្ជើញចូលរួម ពីសំណាក់អស់លោក-លោកស្រីជាអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ -អង្គភាពចំណុះរដ្ឋបាលទាំង១១, លោកចៅសង្កាត់-នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដោយចូលរួមស្ដាប់មតិយោបល់ លោកអភិបាលខណ្ឌដើម្បីយកទៅអនុវត្តន៍ ការងារតាមអង្គភាពនិមួយៗ អោយមានប្រសិទ្ធិភាពខ្ពស់ផងដែរ។
កិច្ចប្រជុំខាងលើដោយផ្ដោតសំខាន់ទៅលើរបៀបវារៈដូចខាងក្រោម៖
ទី១-មតិស្វាគមន៍បើកអង្គប្រជុំរបស់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន
ទី២-ការងាររៀបចំសណ្ដាបធ្នាប់ និងរបៀបរៀបរយសាធារណៈ តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌចំការមន
ទី៣-មិត្តចូលរួមពិភាក្សារបស់សមាជិក-សមាជិកាអង្គប្រជុំ
ទី៤-បញ្ហាផ្សេងៗ
ការងារបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋាន
ការងារល្បាតពេលយប់ ដើម្បីតាមដានសភាពការណ៍ក្នុងមូលដ្ឋាន
ការចាក់វ៉ាក់សាំង កុមារអាយុ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ និងដូសជម្រុញសម្រាប់កុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិ ដោយក្រែនរំលឹកទៅ ដល់បណ្ដាអង្គភាព ទាំងអស់ចំណុះសាលាខណ្ឌ. អាជ្ញាធរសង្កាត់ និងតាមបណ្ដាផ្សារក្នុងខណ្ឌព្រមទាំង បងប្អូនប្រជាជនទូទៅក្នុងមូលដ្ឋានខណ្ឌចំការមន ត្រូវបន្តដោយយកចិត្តទុកដាក់អោយ បានខ្ពស់ក្នុងការមើលថែទាំសុខភាព អោយបានល្អប្រសើរហើយត្រូវស្ដាប់ តាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធានការ«៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់ខ្លួនប្រាណយើង និង ក្រុមគ្រួសារយើងផងដែរ៕