អូស្ត្រាលីផ្តល់ទូបង្កក រក្សាវ៉ាក់សាំង ចំនួន ១៣៣គ្រឿង មកកម្ពុជា
ភ្នំពេញ៖ ថ្ងៃចន្ទនេះ ឯកអគ្គរាជទូត Kang បានប្រគល់បង្កករក្សាវ៉ាក់សាំង ចំនួន ១៣៣គ្រឿង ដល់ប្រទេសកម្ពុជា ដែលរួមមាន ទូបង្កកត្រជាក់ខ្លាំងចំនួន ៣៣គ្រឿង (សីតុណ្ហភាព -៨០អង្សាសេ) និងទូបង្កកសីតុណ្ហភាព -២០អង្សាសេ ចំនួន ១០០គ្រឿង ព្រមទាំង បរិក្ខារប្រព័ន្ធត្រជាក់រក្សាវ៉ាក់សាំងដ៏ចាំបាច់ផ្សេងទៀត ជូនដល់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
ការផ្តល់ទូបង្កករក្សាវ៉ាក់សាំងនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ជាមួយថវិកា ចំនួន ៣៥,៧លានដុល្លាអូស្ត្រាលី ក្នុងការគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា តាមរយៈភាពជាដៃគូជាមួយអង្គការយូនីសេហ្វ។ ទូបង្កករក្សាវ៉ាក់សាំងទាំងនេះ នឹងគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការរក្សាទុក និងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង Pfizer-BioNTech ដែលនៅសល់ ទៅកាន់ខេត្តនានានៅក្រៅរាជធានីភ្នំពេញ ដែលកាលពីពេលថ្មីៗ កន្លងទៅនេះ ប្រទេសអូស្ត្រាលីបានផ្តល់ជាជំនួយ ចំនួន ២,៣៥ លានដូស។ ការគាំទ្រនេះ ជាការបន្ថែមទៅលើជំនួយ ចំនួន ១៣០ លានដុល្លាអូស្ត្រាលីរបស់យើង ដល់យន្តការ COVAX ដែលរហូតមកដល់ពេលនេះមានវ៉ាក់សាំងជាង ៣,៥ លានដូសហើយ ដែលត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជា។
ក្នុងពេលដែលយើងប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងការទូត អូស្ត្រាលីនៅតែបន្តប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីជួយធានាសុវត្ថិភាព និងភាពរុងរឿងរបស់ប្រជាជនកម្ពុជា និងអូស្ត្រាលី ក៏ដូចជាប្រទេសជិតខាងក្នុងឥណ្ឌូប៉ាស៊ីហ្វិករបស់យើងផងដែរ៕