ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានបញ្ជូន កងទ័ពមួកខៀវ ៤០៣នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះថា កាលពីខែកុម្ភៈឆ្នាំ២០២២ថ្មីៗនេះ កម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវសរុបចំនួន ៤០៣នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
នាយឧត្តមសេនីយ៍ បានឱ្យដឹងថា កងវិស្វកម្មពហុជំនាញ លេខ៨២៩ ចំនួន១៨៤នាក់ ក្នុងនោះមានស្ត្រីចំនួន២៩នាក់ ត្រូវបានបញ្ជូនឱ្យចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។ សម្រាប់កងវិស្វកម្មលេខ៤៣២ ចំនួន ២១៩នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ត្រូវបញ្ជូនឱ្យចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។
បច្ចុប្បន្នកម្លាំងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិមានចំនួន ៧៨៦នាក់ (នារី១០៩នាក់) នៅ៥ប្រទេសរួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ មាលីនិងអាហ្វ្រិកកណ្ដាល៕