ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល បានទទួលជំនួយ ទូបង្កកត្រជាក់ខ្លាំង ចំនួន​ ៣៣គ្រឿង ទូទឹកកករក្សាវ៉ាកសាំងចំនួន ១០០គ្រឿង និងបរិក្ខារប្រព័ន្ឋត្រជាក់ដទៃទៀត ពីរដ្ឋាភិបាលអូស្រ្តាលី

45
ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥:០០​ រសៀល នៅឃ្លាំងឱសថកណ្ដាល នៃក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្រ្ដាលី ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ហ័្វររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា។
សូមបញ្ជាក់ជូនថា ចាប់តាំងពីការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីបានផ្ដល់វ៉ាក់សាំង Pfizer ចំនួន២,៣លានដូស សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។ នៅម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានទទួលជំនួយ ទូបង្កកត្រជាក់ខ្លាំង ចំនួន​ ៣៣គ្រឿង ទូទឹកកករក្សាវ៉ាកសាំងចំនួន ១០០គ្រឿង និងបរិក្ខារប្រព័ន្ឋត្រជាក់ដទៃទៀត។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល ព្រមទាំង អ្នករងគ្រោះដោយកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ត​មរដ្ឋមន្រ្តីបានអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ ហើយក៏ដោយ​ សូមពលរដ្ឋគ្រប់រូប​ត្រូវបន្តអនុវត្តវិធីការពារខ្លួន “៣ការពារ និង៣កុំ”។ ៣ការពារ រួមមាន​ពាក់ម៉ាស់ លាងដៃញឹកញាប់ជាមួយ អាល់កុល ឬជែល និងរក្សា​គម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ម៉ែត ហើយសកម្មភាពគួរ​ចៀសវាងទាំង៣ រួមមាន​ កុំទៅកន្លែងបិទជិត កន្លែងមានមនុស្ស​កុះករកកកុញ និងកុំចាប់ដៃពេលជួបគ្នា។ សូមនៅផ្ទះប្រសិនបើអ្នកមានគ្រុន​ក្តៅ ឬសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ និងសូមស្វែងរកជំនួយសុខាភិបាលភ្លាមៗ៕
អត្ថបទដែលជាប់ទាក់ទង