ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី

123

ភំ្នពេញ ៖ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ាទីន វ៉ាវរា (Martin VÁVRA) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតសក្តានុពល។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្ដី បានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទើបតែងតាំងថ្មី និងបង្ហាញសុទិដ្ឋិនិយមថា ភាគីទាំងពីរនឹងបន្តសម្រេចបានសមិទ្ធិផលសំខាន់ៗក្នុងបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី តាមរយៈកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងកោតសរសើរពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រពៃណីរវាងប្រទេសទាំងពីរ ប្រជាជននៃភាគីទាំងពីរ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលកន្លងមក ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ជាពិសេសវិស័យពាណិជ្ជកម្ម ដោយផ្តោតលើទំនិញអង្ករ ការកែច្នៃម្ហូបអាហារ និងការកែច្នៃនិងវេចខ្ចប់ផ្លែឈើកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្ដី ក្នុងការបង្ហាញជំហរគាំទ្រលើបេសកកម្មរបស់ស្ថានទូតឆែកនៅកម្ពុជា ព្រមទាំងបានបង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងស្ថាប័ន ដែលនឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នងឱកាសនោះ ភាគីទាំងពីរបានលើកឡើងពីផលប៉ះពាល់នៃស្ថានការណ៍ជំងឺរាតត្បាតសកល ដែលកំពុងជះឥទ្ធិពលអវិជ្ជមានលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តម្រូវការក្នុងតំបន់ និងសកលលោក ដែលនាំឱ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រី បានជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការឈានទៅរកគន្លងប្រក្រតីភាពថ្មីតាមរយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាពនៅកម្ពុជា គួបផ្សំជាមួយនឹងសមិទ្ធិផលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្មដែលក្រសួងពាណិជ្ជកម្មកម្ពុជាសម្រេចបានថ្មីៗនេះ ដូចជាកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ព្រមទាំងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាផងនោះ ធុរជននិងវិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពទីផ្សារកាន់តែទូលំទូលាយ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែលនឹងអាចឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀតនាពេលអនាគត។

គួរបញ្ជាក់ថា៖ ប្រទេសឆែកជាទីផ្សារដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក សម្រេចបានប្រមាណ១២៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើន ៣៦% បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការថមថយមកត្រឹមរង្វង់ ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលត្រូវបានរំពឹងថានឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង