ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឡុង ឌីម៉ង់ ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើពង្រាង ចុងក្រោយសៀវភៅមគ្គុទ្ទេសក៍ វិនិយោគសម្រាប់ខេត្តព្រះសីហនុ

218

ព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើពង្រាងចុងក្រោយ សៀវភៅមគ្គុទ្ទេសក៍វិនិយោគសម្រាប់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលរងក្រុងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និង ប្រតិភូសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍បើកកិច្ចប្រជុំថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីពិនិត្យ និងផ្តល់មតិយោបល់លើសៀវភៅពង្រាងចុងក្រោយមគ្គុទ្ទេសក៍វិនិយោគសម្រាប់ខេត្តព្រះសីហនុ ដែលរៀបចំឡើងដោយសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យសៀវភៅមគ្គុទ្ទេសក៍វិនិយោគរបស់យើង មានពត៌មានគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងតម្រូវការរបស់អ្នកចង់មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។ ដោយសារការធ្វើបច្ចុប្បន្នភាពនៃការធ្វើស្ថិតិទិន្នន័យស្ថានភាពប្រជាសាស្ត្រ និងសេដ្ឋកិច្ច ដោយសហការផ្ទៀងផ្ទាត់ជាមួយមន្ទីរអង្គភាពជំនាញ ដើម្បីយើងធ្វើសង្គតិភាពទិន្នន័យពត៌មាន និងត្រឹមត្រូវតាមបរិបទ នៃស្ថានភាពពិភពលោក ស្ថានភាពតំបន់ និងប្រទេសយើង ពិសេសរបស់ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកអគ្គលេខាសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបញ្ជាក់ថា ខេត្តព្រះសីហនុមានលក្ខណៈពិសេសជាងបណ្តាខេត្តផ្សេងទៀត ក្នុងការធ្វើទេសចរណ៍ និងវិនិយោគ។ យើងបានរៀបចំសៀវភៅមគ្គុទ្ទេសក៍វិនិយោគចំនួន៤ខេត្ត។ ហើយនៅឆ្នាំ២០២២ នឹងជម្រុញរៀបចំសៀវភៅមគ្គុទ្ទេសក៍វិនិយោគចំនួន១៥ខេត្តក្រុងបន្ថែមទៀត។

លោកអភិបាលរងខេត្ត បានកោតសរសើរគំនិតផ្តួចផ្តើម រៀបចំសៀវភៅមគ្គុទ្ទេសក៍វិនិយោគដ៏ល្អ មិនត្រឹមតែសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាជាឯកសារចែកជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលគេមានចំណាប់អារម្មណ៍ចង់ធ្វើអាជីវកម្ម និងវិនិយោគនៅខេត្តព្រះសីហនុឱ្យចំគោលដៅ។ ក្នុងនោះលោកអភិបាលរងខេត្ត ក៏បានផ្តល់មតិណែនាំដូចខាងក្រោម៖
១.មន្ទីរអង្គភាពត្រូវបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារប្រមូលបានព័ត៌មាន និងទិន្នន័យផ្សេងៗ
២.ត្រូវយកទិន្នន័យឆ្នាំ២០២១ ជាគោលសម្រាប់ធ្វើសៀវភៅមគ្គុទ្ទេសក៍វិនិយោគ ដើម្បីមានមូលដ្ឋានរឹងមាំក្នុងការវិភាគដោយប្រើសក្តានុពលដែលមានស្រាប់សម្រាប់វិនិយោគគិនក្នុងស្រុក និងក្រៅស្រុក
៣.បន្ថែមពត៌មាន ដើម្បីជាប្រយោជន៍ដល់អ្នកវិនិយោគគិនបរទេសសមស្របតាមច្បាប់វិនិយោគថ្មី ដែលយើងបានធ្វើវិសោធនកម្ម មានលក្ខណៈទាក់ទាញមុនបរិបទកូវីដ-១៩ និងក្រោយកូវីដ
៤.អង្គប្រជុំគួរពិភាក្សាជាមួយសភាពាណិជ្ជកម្មតាមបណ្តាខេត្ត និងវិស័យឯកជនសំខាន់ៗក្នុងការចូលរួមផ្តល់យោបល់។

អត្ថបទដែលជាប់ទាក់ទង