បុរសម្នាក់ត្រូវ ឃាតករសម្លាប់ ហើយដឹកសាកសព តាមរថយន្ត យកមកប្លុងចោល នៅ ក្បែរប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ច្រកម្ទេស
ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវ ឃាតករសម្លាប់ហើយដឹកសាកសព តាមរថយន្ត យកមកប្លុងចោលនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្បែរប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ ។ សពត្រូវបានគេប្រទះឃើញ និងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវទាំងព្រឹកថ្ងៃទី១៣ កញ្ញា ។
សាកសពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានសម្បុរ ស និងសង្ស័យជាជនបរទេស ហើយត្រូវបានឃាតករសម្លាប់នៅកន្លែងផ្សេង ហើយបានច្រកសពក្នុងថង់ប្លាស្ទិក ពណ៌ខ្មៅ រួចដឹកសពតាមរថយន្តមកពីទឹសខាងកើត មកទម្លាក់ប្លុងចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១ ជិតប៉ុស្ត៍រដ្ឋបាលសង្កាត់ច្រកម្ទេស។
បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា នៅម៉ោងប្រមាណ៤ទៀបភ្លឺ គេឃើញមានរថយន្តតូចមួយគ្រឿងបើកមកពីទិសខាងកើត ។ លុះមកដល់ចំណុចខាងលើ បានឈប់មួយសន្ទុះ ក៏បត់រថយន្តត្រឡប់ទៅទិសខាងកើតវិញ ប៉ុន្តែមិនបានចាប់អារម្មណ៍អ្វីទេ ។
លុះដល់ម៉ោង៦ព្រឹក ត្រូវបានអ្នកលក់នំប្រទះឃើញ ទើបផ្អើលឆោឡោ និងប្តឹងសមត្ថកិច្ចតែម្តង ។ ក្រោយពីសមត្ថកិច្ចមកពិនិត្យដំបូង មិនទាន់ស្គាល់អត្តសញ្ញាណទេ ហើយសន្និដ្ឋានថា ជាសពជនបរទេស ដោយពេលនេះ កំពុងរង់ចាំមន្ត្រីជំនាញបច្ចេកទេសមកធ្វើកោសល្យវិច័យ ៕