ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បន្ថែមផលប៉ះពាល់ ដល់សេដ្ឋកិច្ចកម្ពុជា និងពិភពលោក ដោយសារការកើនឡើងនៃតម្លៃប្រេង

59

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានសម្តែងនូវការព្រួយបារម្ភ ចំពោះសេដ្ឋកិច្ចកម្ពុជា ដែលអាចរងផលប៉ះពាល់ ដោយសារកើនឡើងនៃតម្លៃប្រេងនៅលើពិភពលោក ដែលរុញច្រានឲ្យមានការកើនឡើងអតិផរណា ដោយសារកម្ពុជា ជាប្រទេសនាំចូលប្រេងទាំងស្រុង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើនឡើងនៃតម្លៃប្រេងនេះ បានបន្ថែមបន្ទុកសេដ្ឋកិច្ច ពីលើផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលអូសបន្លាយជាង២ឆ្នាំមកនេះ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលយើងបាន និងកំពុងមើលឃើញ ប៉ះពាល់ដល់ពិភពលោកសព្វថ្ងៃ គឺប្រេងឡើងថ្លៃ ព្រោះរុស្ស៉ីក៏ជាប្រទេស ផលិតប្រេងមួយដ៏ធំ ឥឡូវប្រេងចាប់ឡើងថ្លៃ នេះជាផលប៉ះពាល់ ដែលចេញពីសង្គ្រាមនៅរុស្ស៉ី និងអ៊ុយក្រែន ដែលចាប់ផ្តើមដំបូងអាចនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ដែលកំពុងញុំាញីដោយជំងឺកូវីដ១៩ ក្លាយទៅជាការដាក់បន្ទុកបន្ថែម ចេញពីសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។ សេដ្ឋកិច្ចរបស់កម្ពុជា រងផលប៉ះពាល់ពីកូវីដ១៩ ក៏ប៉ុន្តែអាចនឹងរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយកំពុងតែពង្រីង ទៅជាសង្គ្រាមរុស្ស៉ីជាមួយអឺរ៉ុប។ យើងបានមើលឃើញផលប៉ះពាល់ ដល់ពិភពលោកនិយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា គឺប្រេងឡើងថ្លៃ ហើយនឹងអាចរុញអតិផរណា នៅតាមបណ្តាប្រទេសផ្សេងៗឲ្យកើនខ្ពស់ ដោយសារតម្លៃប្រេង»។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ចំពោះការកើនឡើងនៃតម្លៃប្រេងសាំងនេះ ហើយការកើនឡើងតម្លៃប្រេងនេះ មិនមែនកើតឡើងតែនៅកម្ពុជានោះទេ ប្រទេសផ្សេងៗនៅលើពិភពលោក សុទ្ធតែរងផលប៉ះពាល់នេះដូចគ្នា។

សូមជម្រាបថា តម្លៃប្រេងបានកើនឡើងជាបន្តបន្ទាប់បន្តិចម្តងៗ ចាប់ពីពាក់កណ្តាលឆ្នាំ២០២១មក។ បច្ចុប្បន្ននេះតម្លៃប្រេងលក់រាយតាមស្ថានីយ ក្នុងប្រទេសកម្ពុជាដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម គឺសាំងធម្មតាតម្លៃ៤៨០០រៀល និងម៉ាស៊ូតតម្លៃ ៤៥០០រៀល៕

អត្ថបទដែលជាប់ទាក់ទង