ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញការវិនិយោគ នៅប្រទេសមួយហើយ ដាក់ការវិនិយោគ នៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយ ពេលប្រទេសមួយជួបវិបត្តិ

62

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីបំណងចង់ឃើញថា ការវិនិយោគនៅប្រទេសមួយហើយ គប្បីណាដាក់ការវិនិយោគនៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយនៅពេលដែលប្រទេសមួយជួបនូវវិបត្តិ។

បំណងនេះបង្ហាញឡើង នៅពេលសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ លោក Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៉ីប៉ាស៉ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ បានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បាន គឺអាស៊ានសហការគ្នាបើកប្រទេសឡើងវិញព្រមគ្នា ជំរុញទំនាក់ពាណិជ្ជកម្មក្នុងតំបន់ និងបំពេញឲ្យគ្នាទៅវិញទៅមក ជាពិសេសនៅពេលដែលទាំងអស់គ្នារស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ១៩ នោះ។

លោក អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ «សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ជូន ឯកឧត្តម Joo Ok Lee នូវទស្សនៈរបស់សម្ដេច ពាក់ព័ន្ធទៅនឹងរូបមន្ត១បូក នោះគឺការវិនិយោគមិនប្រមូលផ្ដុំ មានន័យថាការវិនិយោគនៅប្រទេសមួយហើយ គប្បីណាវិនិយោគនៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយនៅពេលដែលប្រទេសមួយជួបនូវវិបត្តិ ដូចជាបញ្ហាជំងឺកូវីដ១៩ រីករាលដាលជាដើម ប្រទេសមួយទៀតអាចបំពេញនូវតម្រូវការ ប្រទេសមួយទៀត ដើម្បីរក្សានូវស្ថិរភាព, ការផ្គត់ផ្គង់ទំនិញ ក៏ដូចជាការទាញចំណាប់អារម្មណ៍ទៅលើការវិនិយោគ លើវិស័យ ឌីជីថល ដែលកន្លងមកនេះវិស័យឌីជីថលមិនត្រឹមតែមិនមានការប៉ះពាល់ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ទេ ផ្ទុយទៅវិញវិស័យនេះបាននឹងកំពុងតែវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ»

ក្នុងជំនួបនេះ លោក Joo Ok Lee បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងបានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។ លោក Joo Ok Lee បានបន្តថា លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ហើយនៅពេលនេះ ឃើញថាប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលនេះក៏ដោយ។ លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើគ្មានការរីករាលដាលនៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើនជាងនេះទៅទៀត។

លោក Joo Ok Lee បានគោរពជម្រាបជូនសម្តេចតេជោ អំពីដំណើរការរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ហើយលោកនឹងទទួលទស្សនៈ ក៏ដូចជាអនុសាសន៍ល្អៗពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ទាក់ទងទៅនឹងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងនាមសម្ដេចតេជោជាប្រធានអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយ លោក Joo Ok Lee ដែលលើកឡើងថា ប្រសិនបើគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ ជាមួយនឹងការកាត់បន្ថយភាពក្រីក្រ កាន់តែច្រើនបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រាប់លោក Joo Ok Lee ផងដែរថា កម្ពុជាបានចាក់ស្រោចវ៉ាក់សាំកូវី១៩ ទៅដល់ប្រជាពលរដ្ឋកម្ពុជា ហើយក៏បានបើកប្រទេសជាតិឡើងវិញកាលពីថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានការកើនឡើង ប្រមាណជា ៥,៦% សម្រាប់ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង