ក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីចាប់ជំរិតដោយ បុរសម្នាក់ដែលនាងបាន ជួបនៅលើកម្មវិធី Roblox
បរទេស៖ ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ត្រូវបាន ត្រលប់ទៅផ្ទះវិញ បន្ទាប់ពីនាងត្រូវបានបុរសម្នាក់ ចាប់ជំរិតដែលនាងបានជួបតាមរយៈកម្មវិធីហ្គេម Roblox របស់កុមារ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន BBC។
Roblox គឺជាហ្គេមកុមារដ៏ពេញនិយមបំផុត មួយនៅក្នុងពិភពលោក ដែលអាចឱ្យអ្នកលេង លេងហ្គេមជាមួយមិត្តភ័ក្រឬមនុស្សមិនស្គាល់ ហើយដែលមានអ្នកប្រើប្រាស់ចំនួនប្រមាណ ១៥០លាននាក់ក្នុងមួយខែ។
អាជ្ញាធរបានឱ្យដឹងថាពួកគេបានចាប់ ខ្លួនជនសង្ស័យឈ្មោះ Howard Graham បន្ទាប់ពីបានរកឃើញថា គាត់បានបញ្ចុះបញ្ចូលក្មេងស្រីវ័យក្មេងនេះ ឱ្យចាកចេញពីផ្ទះរបស់នាងក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេចាប់ផ្ដើម ទំនាក់ទំនងបានតែពីរថ្ងៃនៅលើកម្មវិធី។
បុរសវ័យ៣៣ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ចាប់ជំរិត និងចាប់រំលោភ។ ការចាប់ខ្លួនបុរសរូបនេះបន្ទាប់ពី ក្មេងស្រីរងគ្រោះបានផ្ញើសារទៅកាន់ម្តាយរបស់នាងតាមរយៈ Roblox ដោយផ្តល់អាសយដ្ឋាន និងឈ្មោះហាងមួយចំនួននៅក្នុងតំបន់ដែលនាងត្រូវបានគេយកទៅ។
ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីលេងហ្គេមអនឡាញក្នុងចំណោមកុមារគឺមានភាពពេញនិយមណាស់នាពេលបច្ចុប្បន្ន ដូច្នេះអាណាព្យាបាលគួរតែស្វែងយល់ អំពីមុខងារគ្រប់គ្រងការប្រើប្រាស់ (parental controls) របស់កម្មវិធីពេញនិយមមួយចំនួន សម្រាប់កុមារ ដើម្បីគ្រប់គ្រងនិងតាមដាន ការប្រើប្រាស់របស់ពួកគេ។ ជាងនេះទៅទៀតលោកអ្នកគួរតែធ្វើការណែនាំកុមារឱ្យយល់អំពីល្បិចកលលួងលោមរបស់ជនខិលខូច ហើយឱ្យពួកគេមានការប្រុងប្រយ័ត្នក្នុងការផ្ញើសារ ឬនិយាយជាមួយនឹងមនុស្សដែលពួកគេមិនស្គាល់៕