កម្លាំងនគរបាល សហការជាមួយ កម្លាំងយោធា ទទួលប្រជាពលរដ្ឋត្រឡប់ ចូលប្រទេសកម្ពុជាវិញចំនួន ២១០នាក់ នៅស្រុកកំរៀង
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូច នគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទទួលពលករវិលត្រឡប់ មកស្រុកវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
ប្រជាពលរដ្ឋសរុបចំនួន ២១០នាក់ (ស្រី ៧៨នាក់) ក្មេងចំនួន ៣០នាក់ (ក្មេងស្រី ១៣នាក់) ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធាន ការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល ៖
-វិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់ (ស្រី ៤នាក់)
-ពលករចំនួន ៨៦នាក់ (ស្រី ៣០នាក់) ក្មេង ១២នាក់ (ក្មេងស្រី ៧នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង
-ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១១៨នាក់ (ស្រី ៤៤នាក់) ក្មេង ១៧នាក់ (ក្មេងស្រី ៦នាក់) ។
ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ៤នាក់ (ស្រី ១នាក់) ក្រុមគ្រូពេទ្យអនុញ្ញាត អោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕