តុលាការសម្រេចដាក់គុក បុរសម្នាក់ចំនួន៣០ឆ្នាំ ក្នុងករណីជួញដូរគ្រឿងញៀនដល់ទៅជាង១គីឡូ
ភ្នំពេញ៖តុលាការភ្នំពេញនៅព្រឹកថ្ងៃទី៣ ខែមីនា បានផ្តន្ទាទោស បុរសម្នាក់ដាក់ពន្ធនាគាររយៈ ពេល៣០ឆ្នាំករណីរក្សាទុកគ្រឿងញៀនចំនួនជាងមួយគីឡូក្រាម។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ការផ្តន្ទាទោសនេះ ធ្វើឡើងដោយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទឈ្មោះ ឈួន ប៊ុនគង់ ភេទប្រុស អាយុ ២៩ឆ្នាំ ដាក់ពន្ធនាគារកំណត់ចំនួន ៣០ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៦០លានរៀលបង់ចូថវិការដ្ឋ។
ក្រោមការចោទប្រកាន់ពីបទ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ចំនួនជាងមួយគីឡូ ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ ក៧ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀនបាន ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅផ្លូវម៉ៅសេទុង ម្តុំ ស្តុបម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
វត្ថុតាង មានគ្រឿងញៀនមេតំហ្វេតាមីនប្រភេទទឹកកក ទម្ងន់សុទ្ធជាងមួយគីឡូក្រាម -សម្ភារពាក់ព័ន្ធបទល្មើស មួយចំនួន- ទូរសព្ទមួយគ្រឿង៕