ថ្នាក់បំប៉ន Think!Think! នឹងជួយបណ្តុះការគិតវិភាគស៊ីជម្រៅ បំណិនសង្គម ភាពច្នៃប្រឌិត ការលើកទឹកចិត្ត ទំនុកចិត្តលើខ្លួនឯង និងការស្រឡាញ់ឲ្យតម្លៃដល់ខ្លួនឯង
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានធ្វើកិច្ចជំនួបពិភាក្សាស្ដីពីលទ្ធផល និងទិសដៅនៃគម្រោងកម្មវិធី Think!Think! ដែលជាកម្មវិធីសិក្សា STEM បែបបច្ចេកវិទ្យាថ្មីមួយ ជួយអភិវឌ្ឍជំនាញគិតពិចារណា គិតស៊ីជម្រៅ ទំនាក់ទំនងសង្គម ភាពច្នៃប្រឌិត ការលើកទឹកចិត្ត និងជំនាញទន់សិស្សានុសិស្ស ដែលជាបំណិនដ៏មានសារៈសំខាន់នៅក្នុងសតវត្សន៍ទី២១។ ជំនួបនេះធ្វើឡើងនៅថ្ងៃទី ០៤ មីនា ២០២២ ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចជំនួបពិភាក្សានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ស៊ីនជី យ៉ាណាហ្គាវ៉ា តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានលើកសរសើរកម្មវិធី Think!Think! ថាជាកម្មវិធីដ៏ល្អមួយក្នុងការបណ្តុះការគិតស៊ីជម្រៅ និងបំណិនទន់ ជួយសិស្សក្នុងការរៀនបំណិនថ្មីៗដែលចាំបាច់ក្នុងសតវត្សទី២១។
ឯកឧត្តមបានបន្ថែមទៀតថា នៅក្នុងការស្ទង់មតិលទ្ធផលបានបង្ហាញថាការប្រើប្រាស់កម្មវិធីនេះ មានប្រសិទ្ធភាពជាវិជ្ជមានលើពិន្ទុគណិតវិទ្យា ភាពឆ្លាតវៃ ការលើកទឹកចិត្ត និងភាពជឿជាក់លើខ្លួនឯង។ ឯកឧត្តមបានណែនាំឲ្យប្រើប្រាស់កម្មវិធីនេះ និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ JICA ដែលផ្តល់ឳកាសដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈអាចសិក្សាកម្មវិធីដ៏មានគុណភាពរបស់ជប៉ុន។
ដោយឡែក លោក ស៊ីនជី យ៉ាណាហ្គាវ៉ា បានមានប្រសាសន៍ថា Think!Think! គឺជាកម្មវិធី សិក្សាលេខ១ របស់ប្រទេសជប៉ុន ហើយបានទទួលពានរង្វាន់កម្មវិធីល្អបំផុតរបស់ Google សម្រាប់កុមារ។ កម្មវិធីនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅសាលាបឋមសិក្សាព្រះនរោត្តមក្នុងរាជធានីភ្នំពេញដែលជាសាលាមួយស្ថិតនៅក្នុងចំណោមសាលាគោលដៅចំនួន៨ក្នុងខេត្តចំនួន ៦ នៅខែមីនា ឆ្នាំ២០២២ ក្នុងគម្រោងភាពជាដៃគូ ឯកជន និង សាធារណៈរវាង JICA ក្រសួងអប់រំ និង ក្រុមហ៊ុនវ័នឌើលេប។
សូមជម្រាបថា ភ្នាក់ងារ JICA បាននឹងកំពុងបើកដំណើរការថ្នាក់សិក្សាបំប៉នបន្ថែមនៅតំបន់ទួលគោក ដែលមាន ឈ្មោះថា Think!Think! Learning Lab ដើម្បីផ្តល់ឱកាសឲ្យសាធារណៈជន អាចចូលរៀនកម្មវិធីនេះបាន។ ថ្នាក់បំប៉ន Think!Think! នឹងជួយបណ្តុះការគិតវិភាគស៊ីជម្រៅ បំណិនសង្គម ភាពច្នៃប្រឌិត ការលើកទឹកចិត្ត ទំនុកចិត្តលើខ្លួនឯង និងការស្រឡាញ់ឲ្យតម្លៃដល់ខ្លួនឯង៕