ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្គ្រាមរវាង ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានបង្កការភ័យខ្លាច ដល់ម្ចាស់ភាគហ៊ុន របស់ធនាគារពិភពលោក

79

វ៉ាស៊ីនតោន ៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា សង្គ្រាមរវាង ប្រទេសអ៊ុយក្រែននិងរុស្ស៊ី បានបង្កការភ័យខ្លាចដល់ម្ចាស់ភាគហ៊ុន របស់ធនាគារពិភពលោក ហើយនឹងបង្កផលវិបាករយៈពេលយូរ សម្រាប់ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងគោលជំហររបស់ រុស្ស៊ីនៅលើឆាកអន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក David Malpass ប្រធានធនាគារពិភពលោក បានថ្លែងថា ប្រតិកម្មរបស់ប្រទេសចិនចំពោះសង្គ្រាម និងការដាក់ទណ្ឌកម្មរបស់ ប្រទេសលោកខាងលិចលើទីក្រុងម៉ូស្គូ នឹងមានឥទ្ធិពលលើការកំណត់របៀប ដែលទំនាក់ទំនងពាណិជ្ជកម្មនា ពេលអនាគតរបស់ប្រទេសរុស្ស៊ី នឹងត្រូវធ្វើឡើង។

លោក Malpass មានប្រសាសន៍ថា៖ «ពិភពលោកកំពុងងារកទៅរកអ៊ុយក្រែនយ៉ាងខ្លាំង ហើយនោះនឹងមានផលវិបាករយៈពេលវែង អ្វីក៏ដោយដែល ជាលទ្ធផលសង្គ្រាម»។

លោកបានរៀបរាប់អំពីការឈ្លានពានរបស់រុស្ស៊ីកន្លងមករួមទាំងការឈ្លានពានប្រទេសហុងគ្រីនៅឆ្នាំ១៩៥៦ ប្រទេសឆេកូស្លូវ៉ាគីនៅឆ្នាំ១៩៦៨ និងប្រទេសហ្សកហ្ស៊ីនៅឆ្នាំ២០០៨ និងការលេបយកតំបន់គ្រីមេ ក្នុងឆ្នាំ២០១៤ ប៉ុន្តែលោកថា សង្គ្រាមបច្ចុប្បន្នមានទំហំធំខ្លាំង ជាងឆ្ងាយណាស់។

លោកមានប្រសាសន៍ថា៖ «សង្គ្រាមនេះមានការបំផ្លិចបំផ្លាញខ្លាំង និងមានមនុស្សស្លាប់ច្រើន ដែលកំពុងកើតមានឡើង ដូច្នេះខ្ញុំគិតថា នឹងមានផលវិបាករយៈពេលយូរ»

ការធ្វើឱ្យប្រទេសរុស្ស៊ីឯកោផ្នែកហិរញ្ញវត្ថុ នៅទូទាំងពិភពលោក បានកើតមានកាន់តែខ្លាំងឡើង ខណៈដែលផ្សារហ៊ុនក្រុងឡុងដ៍ បានផ្អាកការជួញដូរមូលបត្ររបស់ ក្រុមហ៊ុនរុស្ស៊ី និងខណៈដែលអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបន្តដាក់ ចេញការទណ្ឌកម្មហិរញ្ញវត្ថុលើ ប្រទេសរុស្ស៊ី។

លោក Malpass បានថ្លែងថា ទណ្ឌកម្មជាច្រើនបានកំពុងមានផល ប៉ះពាល់ខ្លាំងលើ ទំនាក់ទំនង របស់រុស្ស៊ីជាមួយទីផ្សារហិរញ្ញវត្ថុ ខណៈដែលមាន ការកើនឡើង ចម្ងល់អំពីការពឹងផ្អែករបស់ប្រទេសនេះទៅលើប្រទេសចិន និងមានការកើត មានបញ្ហាផ្គត់ផ្គង់ខ្លាំង ចំពោះទីផ្សារថាមពល និងទីផ្សារអាហារពិភពលោក។

លោក Malpass ថ្លែងថា ប្រទេសចិនដែលជាម្ចាស់ភាគហ៊ុនធំមួយក្នុងធនាគារពិភពលោក មានភាពភ័យខ្លាច ចំពោះអ្វីដែលកំពុងកើតមានឡើង។ លោកបន្ថែមថា៖ «នោះនឹងជាបញ្ហាសំខាន់មួយ ក្នុងរបៀបធ្វើពាណិជ្ជកម្មពិភពលោក។ ពួកគេទិញប្រេងពីរុស្ស៊ីនៅ ពេលទណ្ឌកម្មកំពុងស្ថិតនៅជាធរមាន ប៉ុន្តែក្រុមហ៊ុននានាអាច នៅតែស្ថិតនៅជាផ្នែកមួយ នៃប្រព័ន្ធពិភពលោក នៅពេលដែលពួកគេមាន ការពាក់ព័ន្ធជាមួយប្រទេសរុស្ស៊ី? យើងនឹងមើលឃើញថា តើការវិវត្តនេះវានឹងកើតឡើង យ៉ាងដូចម្តេច»៕

អត្ថបទដែលជាប់ទាក់ទង