ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ ឃាត់បានយានយន្តចំនួន៣០គ្រឿងថែមទៀត​ដើម្បីត្រួតពិនិត្យ

93
ខេត្តព្រះវិហារ៖ អ្នកបើកបរ​ល្មើស​ច្បាប់​ចរាចរណ៍​ នៅលើដងផ្លូវជាតិលេខ៦២ នៅតែបន្តមាន, ក្នុងនោះសម្រាប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​ ម្សិលមិញ​នេះ​ ក្រុម​ការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ ឃាត់បានយានយន្តចំនួន៣០គ្រឿងថែមទៀត​ដើម្បីត្រួតពិនិត្យ។
    លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា អ្នកបើកបរ​ល្មើស​ច្បាប់​ចរាចរណ៍​ លើដងផ្លូវជាតិលេខ៦២ នៅតែបន្តមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជា​ក្រុម​​ការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេសខេត្ត ចុះសហការ​ជាមួយ​អាជ្ញាធរស្រុក​ បានដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ។
   ជាក់ស្តែងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​ ម្សិលមិញ​នេះ ក្រុម​ការងារ​ខេត្តអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយបានសហការ​ជាមួយ​អាជ្ញាធរស្រុក​ បានឃាត់យានយន្តចំនួន​ ៣០គ្រឿង ដើម្បី​ត្រួត​ពិនិត្យ​ និង​ធ្វើ​ការ​ផាក​ពិន័យតាមច្បាប់។ ​
   យោងតាមរបាយការណ៍របស់​ ក្រុម​ការងារ​ទាំង​ពីរ​គោល​ដៅ​ដែល​បាន​ឈរ​ជើង​លើ​ដងផ្លូវ​ជាតិ​លេខ​៦២ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​​នេះ​ ក្រុម​ការងារ​ខេត្តអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយបានសហការ​ជាមួយ​អាជ្ញាធរស្រុក​ បានឃាត់យានយន្តចំនួន​ ៣០គ្រឿង​ ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវ​ចំនួន ១០ គ្រឿងដឹកសំពីងសំពោង ចំនួន ០២ គ្រឿង ខ្វះឯកសារ  ចំនួន ១០ គ្រឿង ឯកសារក្លែងក្លាយ ចំនួន ០១ គ្រឿងគ្មានបណ្ណបើកបរ ចំនួន ០៤ នាក់ បណ្ណបើកបរក្លែងក្លាយ   ចំនួន ០១នាក់រថយន្តគ្មានផ្លាកលេខ ចំនួន ០២ គ្រឿង។
    បច្ចុប្បន្ន​យានយន្ត​ទាំងនោះ​ ក្រុម​ការងារ​បានធ្វើការ​ផាក​ពិន័យ​ និង​ធ្វើ​ការ​អប់រំ​ណែនាំ​តាមនីតិវិធី។
   គួររំលឹកថា កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនបានដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕
អត្ថបទដែលជាប់ទាក់ទង