សត្វគោដើរជាន់មីនតោន បណ្តាលឲ្យផ្ទុះងាប់សត្វគោ០១ក្បាល និងស្លាប់ក្មេងមើលគោចំនួនម្នាក់
បាត់ដំបង៖ មានករណីសត្វគោដើរជាន់មីនតោន បណ្តាលឲ្យផ្ទុះងាប់សត្វគោ០១ក្បាល និងស្លាប់ក្មេងមើល គោចំនួនម្នាក់ ឈ្មោះ សឿន វ៉ាន់ស៊ីង ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង៤០នាទី ត្រង់ចំណុចឆ្លាក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ផ្ទុះមីនតោននេះ កើតឡើងខណៈពេលក្មេងប្រុសរងគ្រោះខាងលើបានដើរដេញពីក្រោយគោដើម្បីត្រលប់ទៅវិញ លុះដល់ចំណុចកើតហេតុសត្វគោបានដើរជាន់ ចំមីនបណ្តាលអោយផ្ទុះស្លាប់ទាំងគោនិងខ្លួនឯងតែម្តង។
នគរបាលស្រុកភ្នំព្រឹក បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរឺគ្រាប់មីនតោនដូចករណីខាងលើនេះ។
លោក ហេង រតនា. អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់នៅថ្ងៃទី ៩ខែមីនា ឆ្នាំ២០២២យ៉ាងដូច្នេះថាកាលពីល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅក្បែរវត្តស្លាក ស្ថិតនៅឃុំឆ្នាស់មាន់ ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង មានករណីគោជាន់គ្រាប់មីនតោន បណ្តាលឱ្យស្លាប់កុមារាម្នាក់និងងាប់គោមួយក្បាល! ។
លោកអគ្គនាយកស៊ីម៉ាក់ក៏បានសូមចូលរួមសោកស្តាយនិងមរណទុក្ខជាមួយគ្រួសារសព។ លោកថានេះជាមរតកនៃសង្គ្រាម ដែលប្រជាពលរដ្ឋកម្ពុជាកំពុងឆ្លងកាត់ជាមួ យសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមជាច្រេីន ទៀតដែលស្ថិតនៅក្នុងទឹកដីសុវណ្ណ ភូមិនិងបន្តគំរាមកំហែងដល់សេចក្តីសុខសុវត្ថិភាពប្រជាជនកម្ពុជាឥតស្រាកស្រាន្តឡេីយ ទោះបីសង្គ្រាមត្រូវបានបញ្ចប់ជាង២០ឆ្នាំមកហេីយក៏ដោយចុះ! ។ ជាកត់សម្គាល់មួយរយៈពេលកន្លងនេះគេសង្កេតឃើញថាមានករណីផ្ទុះគ្រាប់មីនតោន ដែលបន្សល់ទុកពីសម័យសង្គ្រាម ជាបន្តបន្ទាប់ ក្នុងមាននៅខេត្តបាត់ដំបងជាដើម។យ៉ាងណា មិញមន្ត្រីស៊ីម៉ាក់ប្រកាសនឹងខិតខំធ្វើការដោះគ្រាប់មីនទាំងនោះឲ្យអស់ដើម្បីរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋ។ ជាងនេះទៅទៀតស៊ីម៉ាក់ក៏ធ្លាប់អំពាវនាវដល់ប្រជាពលរដ្ឋដែលបានជួបប្រទះឃើញគ្រាប់មីនឬគ្រាប់ដែលបន្សល់ទុកនៅសង្គ្រាមត្រូវរាយការណ៍ដល់អាជ្ញាធរសមត្ថកិច្ចនៅមូលដ្ឋានឬរាយការណ៍ដល់មន្ត្រីស៊ីម៉ាក់ដើម្បីចុះដោះយក ជៀសវាងធ្វើឲ្យផ្ទុះករណីណាមួយផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់៕