សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើមាតុភូមិនិវត្តន៍
នៅល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញ ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងអញ្ញើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ជាលទ្ធផលនៃការអញ្ជើញចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺទទួលបានលទ្ធផល ជាផ្លែផ្កាគួរជាទីមោទនភាព ដោយក្នុងនោះប្រមុខរាជរដ្ឋា
ភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ ថ្នាក់ដឹកនាំប្រទេសសំខាន់ៗ ។
តាមរយៈពិព័រណ៍ចិន-អាស៊ានលើកទី១៥ ក៏បានជំរុញបន្ថែមនូវ កិច្ចសហប្រតិបត្តិការរបស់ វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែប្រសើរឡើង ជាការលើកស្ទួយពាណិជ្ជកម្ម វិនិយោគ រវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិន ដែលមានសក្តានុពល មកកាន់តំបន់អាស៊ាន ក៏ដូចជាកម្ពុជាផងដែរ។
សំរាប់វេទិកាសេដ្ឋកិច្ចពិភពលោកវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមនិងចែករំលែកទស្សនៈវិស័យ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ាន ដើម្បីឈានទៅការពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបានកាន់តែល្អប្រសើរឡើង៕