ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ស្រ្តីនិងស្ត្រីជាសហគ្រិន

45

 

ភ្នំពេញ ៖ ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Visa នៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២២នេះបានរួមគ្នាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការអបអរសាទរចំពោះសមិទ្ធផលគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងស្ត្រីជាសហគ្រិន របស់ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន VISA។

ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Visa បានបញ្ចប់គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រីនិងស្ត្រីជាសហគ្រិន រយៈពេលមួយឆ្នាំរបស់ខ្លួន ដោយបានចូលរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សហគ្រិនស្ត្រី និងនិស្សិត ជិត ១០.០០០ នាក់ នៅទូទាំងប្រទេសកម្ពុជា។

គម្រោងនេះបានចាប់ផ្តើមដោយការរៀបចំជាវគ្គបណ្តុះបណ្តាលនៅខេត្តគោលដៅ រួមមាន ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដល់សិក្ខាកាមមកពីក្រសួងកិច្ចការនារី មន្ទីរពាក់ព័ន្ធ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថលនិងជំនាញផ្នែកហិរញ្ញវត្ថុសំខាន់ៗ។ តាមរយៈវេទិកាពិភាក្សា ចំនួន៤ គម្រោងនេះបានចែករំលែកនូវចំណេះដឹងនិងមធ្យោបាយហិរញ្ញវត្ថុ ដែលជាតម្រូវការចាំបាច់សម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ជំរុញសហគ្រិនភាព និង បន្តការរីកចម្រើន។

ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ ស្ត្រីកម្ពុជា ជាកំណប់ទ្រព្យនៃធនធានមនុស្សដែលមានទេពកោសល្យ ជំនាញ និងគំនិតច្នៃប្រឌិតខ្ពស់។ យើងសង្ឃឹមថា តាមរយៈគម្រោងនេះ ពួកគាត់អាចប្រើប្រាស់ចំណេះដឹង ដែលទទួលបាន ដើម្បីអភិវឌ្ឍខ្លួនចាកចេញពីជីវភាពក្នុងកម្រិតមីក្រូសេដ្ឋកិច្ចនិងក្រៅផ្លូវការ។ យើងក៏ “សង្ឃឹមផងដែរថា ពួកគាត់អាចចែករំលែកនូវចំណេះដឹងនិងភាពជោគជ័យថ្មីៗរបស់ពួកគាត់ទៅដល់ ស្រ្តីផ្សេងទៀត តាមរយៈការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីជា ប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។
បរិយាបន្នហិរញ្ញវត្ថុ នៅតែជាប្រភពនៃវិសមភាពសង្គមនិងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ស្ត្រីកម្ពុជា។ ការណ៍នេះមិនមែនត្រឹមតែលទ្ធផលនៃការទទួលបានសេវាហិរញ្ញវត្ថុ មិនស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែការទទួលបានឥណទាននិងការកៀរគរប្រាក់បញ្ញើ ក៏បានបង្ហាញពីគម្លាត យេនឌ័រឃាំងធំផងដែរ។ នេះមានន័យថា ស្ត្រីដាក់ប្រាក់សន្សំតិចជាង ហើយមានលទ្ធភាពទទួល បានប្រាក់កម្ចីដែលមានទំហំតិចជាង បើប្រៀបធៀបទៅនឹងអតិថិជនជាបុរស។

លើសពីនេះ លទ្ធភាពរបស់ស្ត្រីក្នុងការទទួលបាននូវការអប់រំផ្នែកហិរញ្ញវត្ថុ និងជំនាញផ្នែក ហិរញ្ញវត្ថុឌីជីថលនៅតែជាបញ្ហាប្រឈម។ បញ្ហាទាំងនេះកើតឡើងជាពិសេសចំពោះស្ត្រីដែល រស់នៅតាមតំបន់ដាច់ស្រយាល ពោលគឺស្រ្តីនៅតាមជនបទភាគច្រើនខ្វះជំនាញផ្នែកហិរញ្ញវត្ថុ និង ខ្វះឯករាជភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួននិងហិរញ្ញវត្ថុគ្រួសារ។ បញ្ហានេះមិនត្រឹមតែអាច រារាំងការឈានទៅរកសុខុមាលភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងអាចរារាំងដល់ភាពជាសហគ្រិន និងការអភិវឌ្ឍអាជីវកម្មផងដែរ។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា៖ “ធនាគារជាតិនៃកម្ពុជា បានកំណត់យកចំណេះដឹងផ្នែកហិរញ្ញវត្ថុជាសសរស្ដម្ភដ៏សំខាន់ក្នុងការ លើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងជំរុញលទ្ធភាពស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុនិងភាពជា សហគ្រិន។ យើងមានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Visa ក្នុងការ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។”

វគ្គបណ្តុះបណ្តាលនិងវេទិកាពិភាក្សាទាំងអស់ សុទ្ធតែមានការចូលរួមធ្វើបទបង្ហាញពី អ្នកជំនាញមកពីធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធផ្សេងៗទៀតមកពីវិស័យ ឯកជន ព្រមទាំងមានកិច្ចសន្ទនាជាមួយសហគ្រិនស្ត្រីជោគជ័យជាច្រើនរូបផងដែរ។ វគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាទាំងនេះ មានគោលដៅផ្តល់នូវចំណេះដឹងស្នូលដែលចាំបាច់ស្របតាមការផ្លាស់ប្ដូរ នៃបរិបទសេដ្ឋកិច្ចនិងបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ការលើកកម្ពស់សារៈសំខាន់នៃសុខុមាលភាព ហិរញ្ញវត្ថុគ្រួសារ និងការបណ្តុះស្មារតីសហគ្រិនភាពនិងភាពច្នៃប្រឌិត។

អ្នកស្រី ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា៖ “ក្រុមហ៊ុន Visa ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានសហការ ជាមួយ ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ក្នុងការអនុវត្តគម្រោងដែលគាំទ្រដល់ការ រីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់ស្រ្តីនៅកម្ពុជា។ ក្រុមហ៊ុន Visa ជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូល ប្រជាជនគ្រប់រូបនៅគ្រប់តំបន់នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងខ្ញុំពិតជាមាន ក្ដីរីករាយក្នុងការចូលរួមលើកកម្ពស់សមធម៌សង្គមនៅកម្ពុជា។ យើងសង្ឃឹមថា សិក្ខាកាមដែល បានចូលរួមវគ្គបណ្តុះបណ្តាលនៃគម្រោងនេះ អាចប្រើប្រាស់ជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីកែប្រែជីវិតរបស់ពួកគាត់ ក្រុមគ្រួសារ និងសហគមន៍ទាំងមូលឱ្យកាន់តែប្រសើរឡើងៗ
គម្រោង “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រីនិងស្ត្រីជាសហគ្រិន“ បាន ធ្វើឡើងស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញបរិយាបន្ន ហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក៏ដូចជាការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្ត្រីៗ គម្រោងនេះក៍ជំរុញការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងត្រួសត្រាយផ្លូវឆ្ពោះទៅ រកការស្តារឡើងវិញនៃសេដ្ឋកិច្ច, ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាពបន្ទាប់ពីជំងឺរាតត្បាតបានបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង