ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករដាំបន្លែចម្រុះ លក្ខណៈគ្រួសារ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានជ្រើសរើសពួជបន្លែ សម័យទំនើប ហុចផលច្រើន

43

សៀមរាប៖ កសិករដាំដុះបន្លែចម្រុះមួយរូប រស់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានសម្រេចចិត្តផ្លាស់ប្តូរការងារដាំដុះដំណាំបន្លែពីបច្ចេក ទេសបែបបុរាណ មកដាំដុះបែបសម័យទំនើបវិញ ដោយ មានប្រព័ន្ធដំណក់ទឹក គ្របកៅ ស៊ូពីលើ ព្រោះផ្តល់ទិន្នផលច្រើនងាយស្រួល និងចំណេញច្រើន។

អ្នកស្រី ឆាន់ មុំ រស់នៅឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១០ មីនា ២០២២នេះថា ៖ អ្នកស្រីចាប់ផ្តើមមុខរបរដាំដុះបន្លែជាច្រើនឆ្នាំមកហើយ ពោលគឺបន្តមុខរបរនេះពីឪពុកម្តាយមក ដោយបច្ចុប្បន្នអ្នកស្រីបានដាំដុះបន្លែជាច្រើនប្រភេទដូចជា ស្ពៃគ្រប់មុខ ខាត់ណាដើម ត្រសក់ សណ្តែកគួ និងត្រឡាចជាដើម ទៅតាមទំហំផ្ទៃដីតូចឬធំអាស្រ័យលើទំហំទីផ្សារ ឬការបញ្ជាទិញរបស់អតិថិជន ចំណែកឯតម្លៃទីផ្សារក៏ទៅតាមស្ថានភាពជាក់ស្តែងផងដែរ។

អ្នកស្រីបន្តថា ដើមឡើយការងារដាំដុះដំណាំកសិកម្ម ធ្វើឡើងតាមតែការយល់ដឹងឬចេះបន្តពីដូនតាមកប៉ុណ្ណោះ មិនមានបច្ចេកទេសច្បាស់ លាស់ឡើយ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានគម្រោងអង្គការដៃគូមួយចំនួន និងមន្ទីរកសិកម្មខេត្ត ចុះមកជួយបង្ហាត់បង្រៀនទើបអ្នកស្រីយល់ច្បាស់ ពីការងារដាំដុះ និងជ្រើសយកដាំដុះបន្លែសុវត្ថិភាព និងមានប្រព័ន្ធដំណក់ទឹក។

អ្នកស្រីបន្តថា ចាប់តាំងជ្រើសយកការងារដាំដុះបន្លែ ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹកមក បានផ្តល់ភាពងាយស្រួល ចំណេញពេលវេលា ចំណាយដើមទុនតិច និងទទួលបានទិន្នផលមកវិញជាទីគាប់ ប្រសើរ។

ខ្ញុំដាំតែបន្លែស្លឹកទេ ខ្ញុំទៅលក់នៅថ្ងៃអាទិត្យទៅ ខ្ញុំមានស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ ខាត់ណាដើម រាល់ថ្ងៃនេះដាំតិចទេក្បាល១៥ម៉ែត្រ បណ្តោយ២៥ម៉ែត្រ មិនសូវជាបានច្រើនទេ១ថ្ងៃ៥០ទៅ ៦០ គីឡូប៉ុណ្ណោះ បើសិនគេមកលើកដល់ឯណោះ ភាគច្រើនបន្លែត្រូវខែណាថ្លៃបាន អត់ មាន បាន៤០០០រៀល ទៅ ៤៥០០រៀល ឬ៣០០០ទៅ ៣៥០០រៀល ឬ២៥០០រៀលតាមស៊េរី ខែណាសម្បូរជន់ទៅ បើចំពោះខ្ញុំគឺបន្លែសុវត្ថិភាព តាមបច្ចេកទេស បើត្រសក់អីខ្ញុំដាំដាក់ដំណក់ទឹក គ្របកៅស៊ូ មានត្រសក់ ត្រឡាច សណ្តែកគួអីសុទ្ធតែដាក់ដំណក់ទឹក គ្របកៅស៊ូ យើងប្រើតាមក្បួនគាត់បង្រៀនមក ភាគច្រើនគឺបានផលជាង ពីមុនមិនសូវបានផលតិចទេ បើយើងដាំពីមុនអត់ដែលដាក់ដំណក់ទឹក គ្របកៅស៊ូផង យើងដាំលាតធម្មតា។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នកសិករ និយមជ្រើស រើសការធ្វើកសិកម្មបែបទំនើប មានប្រព័ន្ធស្រោចស្រពល្អនិងទៀងទាត់។ វិធីទំនើបនេះ ដោយប្រើប្រព័ន្ធទុយោទឹក មានបំពង់ចែកចាយតូចៗ នៅចន្លោះរង អាចផ្តល់ទឹកឱ្យឫស ដោយផ្ទាល់រហូតដល់ប្រមូលផល ហេតុនេះវាផ្តល់ទឹកបានត្រឹមត្រូវជាងការស្រោចពីលើ និងជួយសន្សំ សំចៃទឹកយ៉ាងមាន ប្រសិទ្ធភាព៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង