រដ្ឋមន្រ្តីការបរទេសរុស្ស៉ី-អ៊ុយក្រែន ត្រៀមជួបមុខគ្នា លើកដំបូងនៅតួគី គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង
អាន់តាលីយ៉ា៖ រដ្ឋមន្រ្តីការទេសរុស្ស៊ីលោក សឺហ្គី ឡារ៉ូវ (Sergey Larov) នឹងចូលរួមវេទិកា ការទូតមួយ ដែលរៀបចំឡើងក្នុងទីក្រុង អាន់តាលីយ៉ា (Antalya) នៃប្រទេសតួគី នាថ្ងៃព្រហស្បតិ៍នេះ ហើយលោកនឹងត្រូវជួបជាមួយ សមភាគីអ៊ុយក្រែន គឺលោកឌីមីទ្រី គូឡេបា (Dmitry Kuleba) ដែលជំនួបនោះ ក៏នឹងមានវត្តមានរបស់រដ្ឋមន្រ្តីការទេសតួគី លោក ម៉េវលូត ខាវូស៊ុគហ្គ្លូ (Mevlut Cavusoglu) ផងដែរ។ នេះបើយោងតាម ការចុះផ្សាយរបស់ ទីភ្នាក់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zhakharova) បាននិយាថា លោក ឡារ៉ូវ នឹងថ្លែងសុន្ទកថា ស្តីពីស្ថានភាពបច្ចុប្បន្ននៅលើពិភពលោក ក៏ដូចជាគោល ជំហររបស់រុស្ស៊ី ស្តីពីបញ្ហាតំបន់និងអន្តរជាតិ នាពេលអនាគត ក្នុងសម័យប្រជុំពិសេស នៃវេទិកានេះ។
កិច្ចប្រជុំដែលបានគ្រោងទុករវាងលោកឡារ៉ូវ និង លោក គូឡេបា នឹងក្លាយជាជំនួប រវាងមន្ត្រីជាន់ខ្ពស់លើកដំបូង សម្រាប់ភាគីទាំងពីរ គិតចាប់តាំងពីការ បើកប្រតិបត្តិការយោធា ពិសេសរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសរុស្ស៊ី បានប្រតិបត្តិការយោធានៅអ៊ុយក្រែន ភាគីទាំងពីរបាន ជួបចរចាគ្នារកដំណោះស្រាយ ចំនួនបីលើក នៅប្រទេសបេឡេរុស ដោយកិច្ចចរចាជុំទី៣ ទើបតែត្រូវបានធ្វើឡើង កាលពីថ្ងៃចន្ទសប្តាហ៍នេះ៕