ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេតុអ្វីបានជាគម្រោងខុនដូ មួយចំនួន នៅតែជោគជ័យទោះស្ថិតក្នុងវិបត្តិកូវីដ១៩?

200

ភ្នំពេញ ៖ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងខុនដូ មួយចំនួនក្នុង ទីក្រុងភ្នំពេញជួបការលំបាក ក្នុងការលក់ ខណៈគម្រោងខ្លះទៀតត្រូវបានពន្យារពេល ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើន ពឹងផ្អែកខ្លាំងលើអ្នកទិញជនជាតិបរទេស ដែលត្រូវបានរឹតត្បិតក្នុងការធ្វើដំណើរ។ ប៉ុន្តែទោះបីជាការរឹតបន្តឹងការធ្វើដំណើរ ត្រូវបានលុបចោល ដោយរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ការលក់ខុនដូក្នុង ព្រះរាជាណាចក្រនៅតែយឺតយ៉ាវ។

ទោះជាយ៉ាងណាក៏ដោយ គម្រោងខុនដូមួយចំនួន ដែលមានទីតាំងល្អ ផ្តល់ការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ត្រូវបានគេមើលឃើញថា ដំណើរការល្អទោះស្ថិតក្នុង អំឡុងពេលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ។ តើហេតុអ្វី​បាន​ជា​គម្រោង​ខុន​ដូមួយចំនួនលក់​បាន​ជោគជ័យ ខណៈ​ខ្លះ​ទៀត​លក់មិនសូវដាច់?

 

លោក អៀ ចរិយា នាយកប្រតិបត្តិនៃក្រុមហ៊ុន AP Real Estate បានប្រាប់ Harbor Property ថា មូលហេតុដែលគម្រោងខុនដូមួយចំនួននៅតែទទួលបានជោគជ័យ គឺដោយសារវាមានលក្ខណៈពិសេសប្លែកពីគេ៖ គម្រោងទាំងនោះមាន ទីតាំងនៅកណ្តាលទីក្រុង ជាប់នឹងភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលបង្ករលក្ខណៈងាយស្រួល សម្រាប់អ្នករស់នៅ។ លើសពីនេះ គម្រោងស្ថិត​នៅ​ទល់មុខ​ផ្លូវ​ធំៗ​ដែលមាន​ដង់ស៊ីតេ ​ប្រជាជន​ខ្ពស់ ហើយ​តម្លៃ​ក៏​ប្រកួតប្រជែង​ផងដែរ​។

 

លោកបានបន្ថែមថា៖ “គម្រោងខុនដូដែលទទួលបាន ជោគជ័យ បានផ្តល់ការបញ្ចុះតម្លៃ និងជម្រើសទូទាត់ប្រាក់ងាយស្រួល ដោយសារប្រជាជនកម្ពុជា មួយចំនួនមិនអាចមានលទ្ធភាព បង់ប្រាក់ពេញលេញ ឬបង់រំលោះពី 2,000-3,000 ដុល្លារក្នុងមួយខែបាននោះទេ។ ដូច្នេះដើម្បីទទួលបានភាពជោគជ័យ អ្នកអភិវឌ្ឍន៍បានអនុញ្ញាត ឱ្យពួកគេបង់រំលោះត្រឹមតែ 500 ទៅ 1,000 ដុល្លារក្នុងមួយខែ ធ្វើឱ្យប្រជាជនក្នុងស្រុកដែលមានប្រាក់ខែលើសពី 1,000 ដុល្លារក្នុងមួយ ខែអាចទិញខុនដូបាន។

 

ដោយសារជំងឺរាតត្បាត Covid-19 អ្នកអភិវឌ្ឍន៍មួយចំនួន បានពន្យារពេលគម្រោងខុនដូ របស់ពួកគេរហូតដល់ឆ្នាំ 2022 ដោយមានតែគម្រោងមួយ ប៉ុណ្ណោះបានបញ្ចប់ក្នុងត្រីមាសទី 4 ឆ្នាំ 2021។

យោងតាមរបាយការណ៍របស់ CBRE Cambodia Q4 2021 ពាក់កណ្តាលនៃគម្រោង ខុនដូដែលរំពឹងថានឹងបញ្ចប់ នៅឆ្នាំ 2021 ត្រូវបានពន្យារពេលដល់ឆ្នាំ 2022។ ក្នុងត្រីមាសទី 4 នៃឆ្នាំ 2021 មានតែគម្រោងមួយ ប៉ុណ្ណោះដែលបានបញ្ចប់គឺ TK Star International ។ ការពន្យារពេលនេះ គឺជាការឆ្លុះបញ្ចាំងពីតម្រូវការ និងការផ្គត់ផ្គង់ខុនដូ ក្នុងទីផ្សារជាក់ស្ដែង។

 

គេរំពឹងថានៅឆ្នាំ 2022 នឹងមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារខុនដូ ដោយសារគម្រោង ដែលបានពន្យារពេលជាច្រើន នឹងសាងសង់ឡើងវិញ ក្នុងពេលដំណាលគ្នា ដែលនាំឱ្យមានការកើនឡើងចំនួន 42 ភាគរយនៃការផ្គត់ផ្គង់ខុនដូ សរុប។ របាយ​ការណ៍បង្ហាញ​ថា​ ការ​លក់​នឹង​បន្ត​ជួប​ការ​លំបាក​រហូត​ដល់​ការបើកជើងហោះហើរទៅវិញ ទៅមក​ដំណើរការឡើងវិញ ព្រោះ​តម្រូវ​ការ​ខុនដូ​ត្រូវ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ដោយ​អ្នក​ទិញ​បរទេស។

 

របាយការណ៍នេះកត់សម្គាល់ថា ដើម្បីទទួល បានភាគជោគជ័យនៅក្នុងទីផ្សារ អ្នកអភិវឌ្ឍន៍បានផ្លាស់ប្ដូរយុទ្ធសាស្រ្តលក់ ផ្សេងៗគ្នាដូចជាការបង្កើន អត្រាកម្រៃជើងសារភ្នាក់ងារ រហូតដល់ 12% រួមទាំងការផ្ដល់ជូនសម្ភារប្រើប្រាស់ក្នុងផ្ទះ ឬគ្រឿងសង្ហារឹមជាដើម។

 

ក្នុងរយៈពេលពី 5 ទៅ 10 ឆ្នាំខាងមុខ គេជឿថាប្រជាជនកម្ពុជាកាន់ តែច្រើននឹងផ្លាស់ប្តូរផ្នត់គំនិត ពីការទិញលំនៅដ្ឋានក្នុងបុរីនៅជាយក្រុង មកទិញខុនដូនៅកណ្តាលទីក្រុង ដោយសារមូលហេតុចម្បងចំនួនពីរ៖ ការស្ទះចរាចរណ៍ និងតម្លៃផ្ទះខ្ពស់នៅក្នុងតំបន់កណ្ដាលក្រុង។

លោក អៀ ចរិយា មានជំនឿថាការកើនឡើង នៃចំនួនប្រជាជនក្នុងរាជធានីភ្នំពេញ នឹងធ្វើឱ្យមានការកកស្ទះចរាចរណ៍ខ្លាំងនៅក្នុងទីក្រុង ធ្វើឱ្យខ្ជះខ្ជាយពេលវេលា ក្នុងការធ្វើដំណើរកាន់តែច្រើន ពីជាយក្រុងទៅកាន់កណ្តាលទីក្រុង។ ប្រការនេះនឹងជំរុញឱ្យអ្នក ធ្វើការគិតឡើងវិញ ឬផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ ក្នុងការរស់នៅក្នុងខុនដូ ដើម្បីកាត់បន្ថយពេលវេលា ធ្វើដំណើរពីផ្ទះរបស់ពួកគេ ទៅកាន់កន្លែងធ្វើការនៅក្នុងតំបន់កណ្ដាលក្រុង។

 

លោកបន្ថែមថា ខុនដូក្រោម $100,000 ដុល្លារក្នុងមួយយូនីត នៅកណ្តាលទីក្រុង នឹងកាន់តែមានតម្លៃសមរម្យ សម្រាប់ពួកគេ បើធៀបនឹងផ្ទះដែលមានតម្លៃចន្លោះពី 150,000 ដុល្លារ ទៅ 300,000 ដុល្លារក្នុងមួយយូនីត។

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property  និងកម្មវិធីទូរសព្ទដៃដោយសរី៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633

អត្ថបទដែលជាប់ទាក់ទង