រាជធានីភ្នំពេញ មានការអភិវឌ្ឍច្រើន និងមានការទាក់ទាញខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ
ភ្នំពេញ៖ រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា បានលេចឡើងនូវសោភ័ណភាព កាន់តែស្រស់បំព្រង
ក្នុងការទាក់ទាញទាំង ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកទស្សនា ក៏ដូចជាមកដើរលេង កំសាន្តនៅរាជធានីភ្នំពេញ ។
ភាពទាក់ទាញទាំងនេះ ដោយសារភ្នំពេញ មានសួនច្បារជាច្រើនកន្លែងយ៉ាងប្រណិតៗ មានទាំងកន្លែងហាត់ប្រាណ កន្លែងអង្គុយលេងស្រូបយកខ្យល់ អាកាសក្រោយពីសម្រាកការងារ ឬថ្ងៃបុណ្យទានជាដើម មាន ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ។ ចំណែកនៅតាមដងទន្លេសាបឯណោះវិញ នៅពេលនេះផ្លាសាគូរ៉ា បាននិងកំពុងរីកស្គុះស្គាយគួរជាទីគយគន់ មិនចាញ់សាគូរ៉ានៅប្រទេសជប៉ុននោះឡើយ ។
ភាពទាក់ទាញមួយទៀតនោះ គឺនៅរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងស្ពានអាកាស ស្ពានអាកាសថ្មើរជើងផ្លូវ ក្រោមដី ការកសាងនូវបណ្ដាញលូថ្មី ជាច្រើនខ្សែ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ។
ជាងនេះទៅទៀតអ្វី ដែលជាការចាប់ អារម្មណ៍មួយទៀតនោះ គឺនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ បានផុសឡើងនូវអាគារខ្ពស់ៗ ខុនដូប្រណិតៗ បណ្តុំផ្ទះល្វែងជាច្រើនកន្លែង បានផុសឡើងព្រមៗគ្នា ទាំងនៅជាយក្រុងនិងនៅកណ្ដាលរាជធានីភ្នំពេញ។
ជាក់ស្ដែងកាលពីថ្ងៃទី១០ខែមិនាឆ្នាំ២០២២ម្សិលមិញនេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់រួចហើយថា៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និង អគារខ្ពស់ៗចំនួន ១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ហើយក្នុងឆ្នាំ ២០២១ កន្លងទៅ យើងទទួលបានតម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគ ប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់ តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ៕