ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំដល់មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា, អត្តចរិត,សីលធម៌, សុជីវធម៌របស់កូននៅក្នុងគ្រួសារ, សាលារៀន, និងក្នុងសហគមន៍

200

 

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសដាក់ឱ្យអនុវត្ត “កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង” នៅទូទាំង ប្រទេស ព្រមទាំងបានដាក់ បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូនៅតាមសាលាគរុកោសល្យទាំងតាមប្រព័ន្ធ ១២+២ និង១២+៤ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ក្នុងឱកាសប្រារព្ធ «ទិវាជាតិអំណាន ១១ មីនា ២០២២» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ នៅក្នុងកម្មវិធីកំណែទម្រង់របស់ក្រសួងអប់រំ បានចាត់ទុក “ការលើកកម្ពស់សមត្ថភាពអានរបស់សិស្ស ជាពិសេសនៅកម្រិតថ្នាក់ដំបូង” ជាការងារអាទិភាព។ កន្លងមក ក្រោមការគាំទ្រ របស់ដៃគូពាក់ព័ន្ធ ក្រសួងបានផលិតកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងដែលរួមមាន៖ សៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស, បណ្ណអក្សរ-រូបភាព, សៀវភៅហ្វឹកហាត់សរសេរ, និងសៀវភៅរឿងខ្លីៗ ជាដើម។

លោកបន្ដថា៖ ដើម្បីជំរុញ និងពន្លឿនការពង្រីកការអនុវត្តន៍ “កញ្ចប់សម្ភារៈអំណាន ថ្នាក់ដំបូង” នៅទូទាំងប្រទេស ក្រសួងអប់រំបានដាក់ចេញនូវអនុសាសន៍៣ចំណុច គឺ៖ ១. គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, កម្រងសាលារៀន, និងគ្រឹះស្ថានបឋមសិក្សា ទូទាំងប្រទេស ត្រូវចូលរួមពង្រឹង និងពង្រីកការអនុវត្តន៍កញ្ចប់ សម្ភារៈអំណានថ្នាក់ដំបូង តាមរយៈការរៀបចំវគ្គបំប៉ន ដោយផ្ទាល់, ការបំប៉នតាមបែបចម្រុះ, និងតាមប្រព័ន្ធអនឡាញ, ព្រមទាំងផ្តល់ការគាំទ្រ តាមរូបភាពការផ្តល់ប្រឹក្សា។

លោកបញ្ជាក់ថា៖ ត្រូវរៀបចំបង្កើតបណ្ណាល័យនៅតាមសាលារៀន ដែលមិនទាន់មាន និងពង្រឹង ដំណើរការ បណ្ណាល័យ ចំពោះសាលារៀនដែលមានបណ្ណាល័យរួចហើយ ស្របតាមសេចក្តីណែនាំប្រតិបត្តិស្តីពី ស្តង់ដាបណ្ណាល័យ បឋមសិក្សា។ លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១ និងទី២ ទាំងអស់ ត្រូវចូលរួមអនុវត្ត “កញ្ចប់សម្ភារៈអំណាន ថ្នាក់ដំបូង” តាមរយៈការ ចូលរួមវគ្គបំប៉ន ដែលរៀបចំឡើងដោយក្រសួង,មន្ទីរអប់រំ យុវជន និងកីឡា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, អង្គការដៃគូពាក់ព័ន្ធ, និង ធ្វើស្វ័យសិក្សាស្វែងយល់អំពីកញ្ចប់សម្ភារៈនិងវិធីសាស្រ្តបង្រៀនអំណានថ្នាក់ដំបូងតាមរយៈវីដេអូបង្រៀន ដែលក្រសួងបានផលិត និងផ្តល់ជូននាពេលកន្លងមក ព្រមទាំងអាចទាញយក កញ្ចប់សម្ភារៈអំណាននិងវីដេអូការបង្រៀនពីក្នុងគេហទំព័រនិង App ផ្លូវការ នានារបស់ក្រសួង។

ក្នុងឱកាសនោះដែរ លោក ក៏បានណែនាំដល់មាតាបិតា អ្នកអាណាព្យាបាលសូម ចូលរួមតាមដានលទ្ធផលសិក្សា, អត្តចរិត,សីលធម៌, សុជីវធម៌របស់កូននៅក្នុងគ្រួសារ, សាលារៀន, និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះ ឬ បង្កលក្ខណៈ ឱ្យកូនបានសិក្សាបន្ថែមនៅផ្ទះនិងចូលរួមអានសៀវភៅជាមួយកូន ជាដើម។ បន្ថែមពីលើនេះ មាតាបិតា អ្នកអាណា ព្យាបាលត្រូវផ្គត់ផ្គង់ សម្ភារៈសិក្សា, ទិញកញ្ចប់សម្ភារៈអំណានឱ្យកូន បានហ្វឹកហាត់នៅ សាលារៀននិងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារៈ, ថវិកា,ដល់ដំណើរការបណ្ណាល័យ នៅតាមសាលារៀន, ការអភិវឌ្ឍន៍សាលារៀន,និងគាំទ្រដល់គ្រូបង្រៀន ដើម្បីសិស្សានុសិស្សកាន់ តែមានចំណេះដឹងនិងសមត្ថភាព នៅក្នុងការសិក្សា រៀនសូត្ររបស់ខ្លួន៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង