លុបឈ្មោះតំណាងរាស្ត្រ៥០នាក់ ហើយគ.ជ.ប ទទួលស្គាល់តំណាងរាស្រ្តថ្មី៣៨នាក់
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៣ខែកញ្ញា បានចេញសេចក្តីជូនដំណឹង សម្រេចលុបឈ្មោះ និងទទួលស្គាល់បេក្ខជនតំណាងរាស្រ្តីនីតិកាលទី៦ ក្នុងនោះគ.ជ.ប បានសម្រេចលុបឈ្មោះតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ចំនួន៥០នាក់ ដែលមានឋានៈជារដ្ឋមន្រ្តី រដ្ឋលេខាធិការ អភិបាលរង ជាដើម ហើយជំនួសមកវិញនូវបេក្ខជនតំណាងរាស្រ្តបម្រុង ចំនួន៣៨រូប។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ គ.ជ.ប បានទទួលលិខិតស្នើសុំ ពីគណបក្សប្រជាជនកម្ពុជា ស្តីពីការប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៦ ដោយគណបក្សប្រជាជនកម្ពុជា បានជូនដំណឹងថា “ថ្មីៗនេះ មានអ្នកតំណាងរាស្ត្រ និងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្ស តាមមណ្ឌលរាជធានី ខេត្តមួយចំនួន បានដាក់ពាក្យលាលែង”។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ គ.ជ.ប បានឯកភាពលុបឈ្មោះ និងទទួលស្គាល់បេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦ អនុលោមតាមមាតា្រ១៣៩ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា “សមាជិករដ្ឋសភា ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ទៅតាមករណីជាច្រើន តួយ៉ាង សាម៉ីខ្លួនសុំលាឈប់ជាលាយលក្ខណ៍អក្សរ ពីសមាជិករដ្ឋសភា។ សាម៉ីគណបក្សនោះ អាចស្នើជ្រើសតាំងសមាជិកថ្មី ជំនួសដោយជ្រើសរើសក្នុងចំណោមបេក្ខជន ដែលមានឈ្មោះតាមលំដាប់លេខរៀង ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៃមណ្ឌលបោះឆ្នោត របស់មណ្ឌលខ្លួនមកជំនួស ដោយមិនបាច់បោះឆ្នោតឡើងវិញ”៕
សេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប ខាងក្រោម៖