ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចុប្បន្នជនជាតិចិននៅកម្ពុជាមានជាង២០ម៉ឺននាក់ , ជម្រុញឲ្យកម្លាំងនគរបាល​​បង្ក្រាបជនជាតិចិន ដែលប្រព្រឹត្តិខុសច្បាប់ដោយគ្មានការលើកលែង

69


ភ្នំពេញ ៖ លោក សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រុញឲ្យកម្លាំងនគរបាលដែលពាក់ព័ន្ធទាំងអស់ ត្រូវតែបង្ក្រាបជនជាតិចិន ដែលប្រព្រឹត្តិខុសច្បាប់ដោយគ្មានការលើកលែង។ កម្លាំងសមត្ថកិច្ចត្រូវតែបង្ក្រាបអ្នកដែលប្រព្រឹត្តិខុសច្បាប់ ហើយអ្នកដែលប្រព្រឹត្តិត្រឹមត្រូវតាមច្បាប់របស់កម្ពុជា​ ដាច់ខាតត្រូវតែការពារ ខណៈបច្ចុប្បន្នជនជាតិចិន នៅប្រទេសកម្ពុជា កើនឡើងរហូតដល់ជាង២០ម៉ឺននាក់។

ក្នុងពិធីសំណេះសំណាលជាមួយនាយនគរបាលជាន់ខ្ពស់ និងនាយនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះលោក សន្តិបណ្ឌិត សុខ ផល បានថ្លែងថា “យើងនិយាយតែរឿងខុសច្បាប់ទេ បើត្រូវច្បាប់ ត្រូវតែគាំទ្រការពារគេជាគោលនយោបាយ ។ ចឹងចិនខុសច្បាប់នៅកំពង់សោម វាកើនឡើងគួរឲ្យកត់សម្គាល់ ដែលសម្ដេចក្រឡាហោម បានលើកឡើងពីម្សិលមិញនេះ ដែលនេះជាបញ្ហាប្រឈម ដែលខាងអនុវត្តនីតិវិធី” ។​

លោករដ្ឋលេខាធិការ បានឲ្យដឹងថា នៅឆ្នាំ២០១៧ ជនជាតិចិននៅកម្ពុជា មានតែជាង១០ម៉ឺននាក់ប៉ុណ្ណោះ ដោយចំនួននេះអត់បូកបញ្ចូលជាមួយអ្នកកាទូត អ្នកទេសចរណ៍ និងអង្គការសង្គមស៊ីវិលទេ ប៉ុន្ដែនៅចុងឆមាសទី២នេះ កើនឡើងដល់ជាង២០ម៉ឺននាក់ ដែលនេះយោងតាមស្ថិតិជនជាតិចិន ដែលមកពន្យារទិដ្ឋាការ ។ ក្នុងចំណោមជនជាតិចិនទាំង២០ម៉ឺននាក់នេះ មានជាង៧​៨.០០០នាក់ កំពុងនៅខេត្តព្រះសីហនុ ប៉ុន្ដែក្នុងនោះមានប័ណ្ណការងារត្រឹមត្រូវ មានត្រឹមតែជាង២ម៉ឺននាក់ប៉ុណ្ណោះ ។

​សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានថ្លែងដោយដាក់បទបញ្ជាដល់អង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ឲ្យបង្កើតក្រុមប្រតិបត្តិការ ចុះទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាបបទល្មើស បន្ទាប់ពីលេចឡើងនូវសកម្មភាពមិនប្រក្រតីមួយចំនួន ។
បទល្មើសជាបន្តបន្ទាប់ជាពិសេសពាក់ព័ន្ធជាមួយជនជាតិចិន ក៏ត្រូវបានកម្លាំងនគរបាល និងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបង្ក្រាប រហូតមានចាប់ខ្លួនជនល្មើស បានជាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង