ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន បាន និងកំពុងដំណើរការតាមផែនការដែលបានគ្រោងទុក
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា ប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី នៅអ៊ុយក្រែន បាន និងកំពុងដំណើរការ តាមផែនការដែលបាន គ្រោងទុក ហើយនឹងបិទបញ្ចប់យ៉ាងពេញលេញទាន់ពេលវេលា។ នេះបើ តាមការចេញផ្សាយ ដោយសារព័ត៌មាន Tass នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។
លោក ប៉េស្កូវ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅម៉ូស្គូ)។ ថ្លែងនាឱកាសនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានបញ្ជាក់ដូច្នេះថា «រុស្ស៊ីមានសក្តានុពល គ្រប់គ្រាន់ក្នុងការដឹកនាំ ប្រតិបត្តិការយោធាពិសេស នៅក្នុង ប្រទេសអ៊ុយក្រែន។ ប្រតិបត្តិការនេះកំពុងដំណើរការ តាមផែនការគ្រោងទុក ហើយនឹងបញ្ចប់យ៉ាងពេញ ទាន់ពេលវេលា»។
ប៉ុន្តែ ផ្ទុយពីការលើកឡើងរបស់លោក ប៉េស្កូវ, ក្រុមមន្ត្រីមកពីបណ្ដាប្រទេស លោកខាងលិច ជាពិសេស គឺសហរដ្ឋអាមេរិក និងអង់គ្លេស បាននិយាយថាប្រតិបត្តិការយោធា របស់រុស្ស៊ី មិនបានប្រព្រឹត្តទៅ តាមផែនការឡើយ ដោយកងទ័ពរុស្ស៊ីកំពុងជាប់គាំង, មានបញ្ហាភស្ដុភារ និងកំពុងប្រឈមមុខ នឹងការតស៊ូប្រឆាំងនឹងយ៉ាងខ្លាំង ពីសំណាក់កងទ័ពអ៊ុយក្រែន។
គួរបញ្ជាក់ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៊ី វាយលុកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ក្នុងគោលបំណងផ្ដួលរំលំរបបយោធា និងគំនិតណាហ្ស៊ីហ៊ីត្លែរ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាង លិចចោទថានេះគ្រាន់ តែជាលេសដើម្បីធ្វើសង្រ្គាម ឈ្លានពានរបស់លោក ពូទីនតែប៉ុណ្ណោះ៕