ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចព្រមព្រៀងអាសិប នឹងរួមចំណែកយ៉ាងចាំបាច់ ដល់ការស្តារសេដ្ឋកិច្ចឡើងវិញ របស់កម្ពុជា

30

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារហាយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្ដមសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីស៊ីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានធ្វើជាគណៈអធិបតីក្នុងអង្គសិក្ខាសាលាស្តីពី “ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP)៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ច នាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន”។

សិក្ខាសាលាដ៏មានសារសំខាន់នេះត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ក្រោមកិច្ចសហការរវាង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA ដោយមានការចូលរួមពីឯកឧត្ដម-លោកជំទាវ មកពីក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្ដម-លោកជំទាវ ឯកអគ្គរាជទូត-រដ្ឋទូត និងតំណាងស្ថានទូតនៃប្រទេសពាក់ព័ន្ធ វាគ្មិនជាតិ-អន្តរជាតិ អង្គការអន្តរជាតិ អ្នកស្រាវជ្រាវ វិស័យឯកជន ព្រមទាំងមន្រ្តីក្រសួងពាណិជ្ជកម្ម សរុបប្រមាណជិត ២០០ នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កិច្ចព្រមព្រៀងអាសិបនេះ មានសារសំខាន់យ៉ាងខ្លាំង ដល់កំណើនសេដ្ឋកិច្ច និងបរិវត្តកម្មផ្នែករចនាសម្ព័ន្ធរបស់កម្ពុជា នៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល។ លើសពីនេះ កិច្ចព្រមព្រៀងនេះ នឹងបង្កើតទីផ្សារបន្ថែមទៀតសម្រាប់មនុស្ស ២,២ ពាន់លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លារអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំណែកប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក និង៣២.៥% នៃការវិនិយោគសកល។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា យោងតាមការសិក្សារបស់វិទ្យាស្ថាន ERIA បានបង្ហាញថា ការនាំចេញរបស់កម្ពុជានឹងកើនឡើង ៧.៣% ការវិនិយោគនឹងកើនឡើង២៣.៤% និងផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ២% នៅពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះ ក្រោយការចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

ឯកឧត្តមសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកយ៉ាងចាំបាច់ ដល់ការស្តារសេដ្ឋកិច្ចឡើងវិញ របស់កម្ពុជា និងប្រទេសសមាជិកពាក់ព័ន្ធ ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ព្រមទាំងជះឥទ្ធិពលវិជ្ជមានផ្សេងទៀតដល់ការអភិវឌ្ឍ តាមយៈការបង្កើតការងារ ការជំរុញការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការទទួលបានផលប្រយោជន៍ប្រកបដោយបរិយាប័ន្នខ្ពស់។ ក្រៅពីនេះ កិច្ចព្រមព្រៀងអាសិប បង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើ កំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់-គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់ របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជាអាច នឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្ដមសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីស៊ីមូរ៉ា ប្រធានវិទ្យាស្ថាន ERIA បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងអាសិបពិតជាមានសារសំខាន់ខ្លាំង ក្នុងការពង្រឹងឡើងវិញនូវប្រព័ន្ធពហុភាគីនិយម របបពាណិជ្ជកម្មអន្តរជាតិ ដែលផ្អែកលើវិធានច្បាប់ និងយុទ្ធនាការស្តារសេដ្ឋកិច្ច របស់ប្រទេសក្នុង តំបន់ដែលរងគ្រោះពីវិបត្តិកូវីដ-១៩។ លើសពីនេះ កិច្ចព្រមព្រៀងអាសិបក៏បានធានាតម្លៃ នៃមជ្ឈភាពអាស៊ាន ក្នុងការសម្របសម្រួលជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ និងការដាក់ចេញនូវទិសដៅសកម្មភាពនានា ក្រោមកិច្ចព្រមព្រៀងនេះផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យក៏បានលើកឡើងពីសៀវភៅស្តីពី “ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ច នាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន” ដែលជាសៀវភៅដំបូង ដែលវិទ្យាស្ថាន ERIA បានធ្វើការវាយតម្លៃពីធាតុសំខាន់ៗនៃកិច្ចព្រមព្រៀងអាសិបនេះ។ ឯកឧត្ដមសាស្រ្តាចារ្យបញ្ជាក់ថា សៀវភៅនេះធ្វើការវិភាគ ពីផលបច្ច័យ បញ្ហា និងផលដែលរំពឹងទុកពីកិច្ចព្រមព្រៀងនេះ លើការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគតរបស់តំបន់ទាំងពីរ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណ ដល់ឯកឧត្តមសាស្រ្តាចារ្យ ប្រធានវិទ្យាស្ថាន ERIA និងលោកប្រធានវិទ្យាស្ថាន TTRI ព្រមទាំងសហការីទាំងអស់ ដែលបានខិតខំរៀបចំ សិក្ខាសាលា ដ៏មានសារសំខាន់នេះ ព្រមទាំងណែនាំឱ្យមាន ការចូលរួមយ៉ាងសកម្ម និងផុសផុល ដើម្បីទាញអត្ថប្រយោជន៍ពីសិក្ខាសាលានេះ ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន៕

អត្ថបទដែលជាប់ទាក់ទង