ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយ ប្រតិភូកងស្វ័យការពារជើងទឹកជប៉ុន

75

 

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយ ប្រតិភូកងស្វ័យការពារជើងទឹកជប៉ុន នៅបញ្ជាការដ្ឋានកងទ័ពជើងរាម ខេត្តព្រះសីហនុ។

ប្រសាសន៍ស្វាគមន៍ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងនាមក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ នាយ នាយរង និងពលនាវឹក កងស្វ័យការពារជើងទឹកជប៉ុន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ ការចូលចតនាវា URAGA ដែលមាននាវិកចំនួន១២៦នាក់ និងនាវា HIRADO មាននាវិកចំនួន ៥៤នាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពជិតស្និទ្ធ និងរីកចំរើនថែមទៀត និងជា ការចូលរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាជាលើកដំបូង។

នៅក្នុងឱកាសនេះ សម្តេចបានថ្លែងថា សូមសម្ដែងការស្វាគមន៍ចំពោះវត្តមានភ្ញៀវជាតិ អន្តរជាតិ និងសូមកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះកងទ័ពជើងទឹក ដែលបានសហការជាមួយក្រសួង ស្ថាប័នរដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ច ពាក់ព័ន្ធ រៀបចំសម្របសម្រួលការងារគ្រប់ផ្នែកសម្រាប់នាវាកងស្វ័យការពារជើងទឹកជប៉ុន០២គ្រឿង ចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។ សូមអរគុណចំពោះវត្តមាន និងចំណាប់អារម្មណ៍ របស់ឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដែលបានរំលេចពីប្រវត្តិនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជប៉ុនមកកាន់កម្ពុជាជាលើកដំបូង និងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយកងយោធពល ខេមរភូមិន្ទ។ អរគុណចំពោះលោក មេបញ្ជាការនាវា URAGA និងនាវា HIRADO កងស្វ័យការពារជើងទឹកជប៉ុន ដែលបានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជា និងមានឆន្ទៈប្តេជ្ញាចិត្តក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើរឡើង និងរីកចម្រើនថែមទៀត។

ចាប់ពីឆ្នាំ២០០៨-២០២២. កងស្វ័យការពារជើងទឹកជប៉ុន ចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុចំនួន០៩លើក ដែលមាននាវាសរុបចំនួន២៤គ្រឿងទាំងលើកនេះ បានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌ សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។

ទោះបី៣០ឆ្នាំបានកន្លងផុតទៅហើយ ប្រទេសជាតិកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យក្តី ប៉ុន្តែ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅតែចងចាំនិងដឹងគុណជានិច្ចចំពោះការចូលរួមរបស់កងរក្សា សន្តិភាព នៃកងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជាលើកដំបូង ប្រការដែល កម្ពុជាកាន់តែចងចាំមិនអាចបំភ្លេចបានទៀតនោះ គឺការពលីជីវិតមន្ត្រី០២រូបនៅក្នុងបេសកកម្មអង្គការសហ ប្រជាជាតិ “អ៊ុនតាក់” នោះគឺលោក Atsuhiti Nakata មន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បាន ពលីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ និងលោក Haruyuki Takata មន្ត្រីនគរបាល បានពលី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះ ខ្ញុំសូមសម្ដែងការដឹងគុណចំពោះ បណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានរួមវិភាគទានដ៏ធំធេងដល់ប្រវត្តិសាស្ត្រកម្ពុជាកាលពី៣០ឆ្នាំមុន ក្នុង ការបញ្ជូនកម្លាំងមកចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

នាពេលបច្ចុប្បន្ន ជាមួយនឹងវិបត្តិការរីករាលដាលជំងឺកូវីដ-១៩ និងស្ថិតក្នុងស្ថានភាពនៅក្នុងតំបន់ និងសកល លោកកំពុងមានការប្រកួតប្រជែងក្នុងចំណោមប្រទេសមហាអំណាច ដើម្បីដណ្តើមភូមិសាស្ត្រនយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា មានលក្ខណៈកាន់តែតានតឹង ពិសេសសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី គឺជាពេលវេលា គ្រប់គ្រាន់ សម្រាប់ឱ្យយើងធ្វើការវាយតម្លៃដ៏ត្រឹមត្រូវមួយពីមេរៀនទាំងឡាយ នៃដំណាក់កាលប្រវត្តិសាស្ត្រ នៃ”តម្លៃសន្តិភាព” មានសន្តិភាពទើបមានការអភិវឌ្ឍន៍។ ប្រការនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានចាត់ ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសជាតិ ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការការពារសិទ្ធិ ចម្បង និងជាមូលដ្ឋានជូនពលរដ្ឋគ្រប់រូប ដែលមុនគេបង្អស់គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលសេវាសុខាភិបាល ការពារនិងជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជា នៅតែចងចាំ និងតែងតែរំឭកនៅគ្រប់វេទិកា “ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តង ទៀតថា ការជ្រៀតជ្រែក ការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់ប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជា ដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនា សម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ”។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយកសាង និងរក្សាសន្តិភាព និងការពារ ជនស្លូតត្រង់នៅលើសកលលោក និងនៅតែបន្តខិតខំកិច្ចប្រឹងប្រែងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុង ការឆ្លើយតបដោះស្រាយបញ្ហាទាំងឡាយ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងកងស្វ័យ ការពារជប៉ុន ដែលបានជួយគាំទ្រឧបត្ថម្ភដល់កងរក្សាសន្តិភាពកម្ពុជា ជាគ្រូយោធាចារ្យ ឧបករណ៍ សម្ភារៈ សិក្សា ការហ្វឹកហ្វឺនក្នុង និងក្រៅប្រទេសលើជំនាញបច្ចេកទេសវិស្វកម្ម និងវាស់ស្ទង់ ហើយនៅអំឡុងពេល ជំងឺកូវីដ-១៩ ភាគីជប៉ុនបានផ្ដល់ការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជាតាមរយៈប្រព័ន្ធអេឡិចត្រូនិកផងដែរ។ អរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនប្រកបដោយ ជោគជ័យ និងលទ្ធផលផ្លែផ្កា។

ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ ដោយមានការជួយគាំទ្ររបស់កងស្វ័យការពារជប៉ុនលើ វិស័យរក្សាសន្តិភាព បានធ្វើឱ្យកងយោធពលខេមរភូមិន្ទសម្រេចជោគជ័យជាប្រវត្តិសាស្ត្រក្នុងការបំពេញ
បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ ទទួលបានការកោតសរសើរ លើកមុខមាត់កងយោធពលខេមរ ភូមិន្ទលើឆាកអន្តរជាតិ និងកម្ពុជាបានក្លាយជាប្រទេសមានការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍អន្តរជាតិ ដោយស្មើមុខ ស្មើសិទ្ធិ។

ជាក់ស្តែង នៅឆ្នាំ២០២០ និងដើមឆ្នាំ២០២២នេះ ទោះបីស្ថិតក្នុងស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ នៅ បន្តមាន ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ជប៉ុន នៅតែមានភាពរីកចំរើនគួរឱ្យ កត់សម្គាល់ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក រវាងកងទ័ពជើងគោក ជាមួយកងស្វ័យការពារ ជើងគោកជប៉ុន ការជួយគាំទ្រវិស័យរក្សាសន្តិភាព ការចូលចតនាវា ការបណ្តុះបណ្តាលលើកកម្ពស់ធនធាន មនុស្ស ពិសេសការចូលចតនាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុនាពេលនេះ។

បើតាមសម្តេចពិជ័យសេនា , “ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផ ស្វយ័តក្រុងព្រះសីហនុ នាពេលនេះ ភាគីជប៉ុននឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហានថ្នាក់ដឹកនាំ ជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ(HADR), ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ហាការសេនាធិការវិស្វកម្ម និងសុខាភិបាល” ។

ជាមួយគ្នានេះ កងស្វ័យការពារជើងទឹកជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាព លើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌។ ជាមួយគ្នានេះ ភាគីជប៉ុនពិតជានឹង បន្តជួយផ្តល់ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បី បំពេញបេសកកម្មរបស់អង្គការប្រជាជាតិ ទទួលបានជោគជ័យថ្មីៗថែមទៀត។

ឯកឧត្តម ឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងចំណាប់អារម្មណ៍ក្នុងឱកាស នៃពិធីទទួលស្វាគមន៍នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) ថា ឆ្នាំនេះកត់សំគាល់នូវខួបលើកទី៣០ ដែលប្រទេសជប៉ុនបានបញ្ជូនកងរក្សាសន្តិភាព ជាលើកដំបូងបំផុតមកកាន់ប្រទេសកម្ពុជា។ ឯកអគ្គរាជទូត បានសម្ដែងនូវការកោតសរសើរប្រទេស កម្ពុជាដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល និងប្រជាជន នៃ ប្រទេសនេះ ដើម្បីសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្នដោយឆ្លងកាត់ អតីតកាលប្រកបដោយសោកនាដកម្ម និងផ្លូវដ៏លំបាក។ លើសពីនេះទៅទៀត ក្រោយរយៈពេល ៣០ ឆ្នាំ ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសទទួលយកកងរក្សាសន្តិភាព ទៅជា ប្រទេសបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ពិភពលោក។

បើតាមឯកអគ្គរាជទូត , មានការស្ងើចសរសើរ យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម និង បានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម ហើយខ្ញុំមានមោទនភាព ដែល ប្រទេសជប៉ុនបានដើរតួនាទីមួយ ក្នុងការសម្រេចបាននូវសន្តិភាពនៅកម្ពុជា។

ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនអស់រយៈពេល មួយយ៉ាំងវែង យើងខ្ញុំមានជំនឿថា ប្រទេសជប៉ុននឹងអាចធ្វើកិច្ចសហប្រតិបត្តិបត្តិការ និងការ សម្របសម្រួលកាន់តែជិតស្និទ្ធថែមទៀត ជាមួយប្រទេសកម្ពុជា លើបញ្ហាក្នុងតំបន់ និងអន្តរ
ជាតិ។ ក្នុងចំណោមនោះ ប្រទេសទាំងពីរបានព្រមព្រៀងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវ “ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)”។ ប្រទេសជប៉ុននឹងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពដល់តំបន់ទាំងមូល ដោយធានាឲ្យបាននូវ សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ ប្រកបដោយតម្លាភាព និងភាពគ្រប់ជ្រុងជ្រោយ ដោយសង្កត់ធ្ងន់ទៅលើមជ្ឈភាព និងការឯកភាពរបស់អាស៊ាន។

យើងខ្ញុំមានជំនឿថា ការចូលចតនៃនាវានាពេលនេះ ក៏ជាកិច្ចសហប្រតិបត្តិការមួយដ៏ សំខាន់ផងដែរ ដែលនឹងរួមចំណែកសម្រេចបាននូវ “ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ”។ យើងខ្ញុំសូមសម្តែងនូវការដឹងគុណរបស់យើង ជូនប្រជាជនកម្ពុជា រួមទាំងសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលបាន ទទួលស្វាគមន៍នាវាជប៉ុនយ៉ាងកក់ក្តៅ។

ឆ្នាំក្រោយ ២០២៣ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេស ជប៉ុន និងកម្ពុជា។ រយៈពេល៣០ឆ្នាំបន្ទាប់ពីការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុន មកកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពចាស់ទុំ។ ខណៈពេលដែលពិភព លោកឈានចូលសម័យកាលថ្មី ខ្ញុំមានជំនឿជឿជាក់ថា យើងនឹងបន្តបោះជំហានឆ្ពោះទៅ មុខក្នុងឋានៈជាដៃគូដែលអាចទុកចិត្តគ្នា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈមផ្សេងៗ។

ប្រតិភូកងស្វ័យការពារជើងទឹកជប៉ុន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ តាមនាវាការពារជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ដោយចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាការពារជើងទឹករបស់ជប៉ុនទាំងពីរគ្រឿង ដែលមានឈ្មោះថា JS URAGA និង JS HIRADO ចូលសំចតនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង