អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខលោក មេភូមិត្រពាំងអញ្ចាញ មានជម្ងឺជាទំងន់ កំពុងសំរាកព្យាបាលនៅផ្ទះ
ភ្នំពេញ៖លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមនិងក្រុមការងារ ចុះជួយសង្កាត់ត្រពាំងក្រសាំង នៅព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២នេះ បានអញ្ញើញចុះទៅសួរសុខទុក្ខ លោក ទូច សំ ភេទប្រុស អាយុ៨៦ឆ្នាំ ជាមេភូមិត្រពាំងអញ្ចាញ ក្នុងដំណែង កំពុងមានជម្ងឺជាទំងន់ សំរាកព្យាបាលនៅផ្ទះ ក្នុងភូមិត្រពាំងអញ្ចាញ២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
លោកស្រី ទេព ចន្ថា អាយុ៥០ឆ្នាំ ត្រូវជាភរិយា លោក ទូច សំ បានឱ្យដឹងថា ប្តីរបស់គាត់ មានជម្ងឺប្រចាំកាយ ឈឺថ្លើម និងតំរងនោម ជាយូរមកហើយ និងក៍មានការព្យាបាល ជាហូរហែរមកដែរ មិនដែលខកខានទេ តែប៉ុន្មានសប្តាហ៍មកនេះ ស្ថានភាពជម្អឺរបស់គាត់បានចុះថបថយជាខ្លាំង រហូតមកដល់ថ្ងៃនេះ គាត់អត់ទទួលទានអាហារ រយៈពេល ៥ ថ្ងៃមកហើយ គឺបានតែទឹកបន្តិច បន្ទួចតែប៉ុណ្ណោះ ។ ក្នុងស្ថានភាពបែបនេះ ក្រុមគ្រួសារមានការព្រួយបារម្ភជាខ្លាំង ហើយតែងគិតថា នេះប្រហែលជាពេលចុះក្រោយរបស់គាត់ហើយ ។
ក្នុងនាមគណៈអភិបាលខណ្ឌ និងក្រុមការងារ លោក ហែម ដារិទ្ធិ បានសម្តែងក្តីអាណិតអាសូ ចំពោះ លោក ទូច សំ ដែលស្ទើរពេញមួយជីវិត ក្នុងនាទីជាប្រធានភូមិ លោកបំរើប្រជាពលរដ្ឋបានល្អ មិនថាយប់ ឬថ្ងៃ គ្រប់កាលៈទេសៈ ដែលអាជ្ញាធរថ្នាក់ សង្កាត់ ខណ្ឌ ត្រូវការ គាត់តែងបំពេញការងារយ៉ាងសកម្ម មិនដែលឱ្យថ្នាក់ដឹកនាំ អាក់អន់ស្រពន់ចិត្តឡើយ ពិសេសការបំរើសេវាជូនប្រជាពលរដ្ឋ លោកបានបំពេញតួនាទីរបស់ខ្លួនបានល្អ ជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ។
លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើដល់ លោកស្រី ជាភរិយា ក៍ដូចជាកូនចៅ ក្រុមគ្រួសារទាំងអស់ សូមកុំទាន់អស់សង្ឃឹម ត្រូវព្យាយាមមើលថែទាំងគាត់បន្តទៀត ពិសេសការលួងលោម បញ្ចុកចំណីអាហារ និងការប្រើថ្នាំតាមវេជ្ជៈបញ្ជា ក្រែងជួយឱ្យជម្ងឺគាត់បានប្រសើឡើងវិញ ។ ជាមួយនេះ សូមរក្សាអនាម័យ និងអនុវត្តវិធានការសុខាភិបាលឱ្យបានល្អ រួមគ្នាការពារ ពីការឆ្លងជម្ងឺ កូវីដ-១៩ ព្រោះថា ក្នុងស្ថានភាពបែបនេះ បើទទួលរងផលប៉ះពាល់ជម្ងឺ កូវីដ បន្ថែមទៀត ពិតជាពិបាកស្រោចស្រង់ណាស់ ។
ក្នុងឱកាសនោះ ដែរលោកអភិបាលខណ្ឌ និងក្រុមការងារ ចុះជួយសង្កាត់ត្រពាំងក្រសាំង បាននាំយកអំណោយ មានទឹកផ្លែឈើ ចំនួន ២កេស , ទឹកដោះគោឆៅ ៧យូរ ,ផ្លែក្រូច ១ឡូតិ៍ និងថវិការ ១លានរៀល ឧបត្តម្ភដល់ លោក ទូច សំ ផងដែរ គ្រាន់បានជួយសម្រួលលើការចំណាយផ្សេងៗ ៕