ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតវៀតណាម សម្ដែងនូវការកោតសរសើរ ពីការអភិវឌ្ឍរាជធានីភ្នំពេញ និងការគ្រប់គ្រង ជំងឺកូវីដ-១៩ បានយ៉ាងល្អ

293

ភ្នំពេញ៖ លោក ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍ
រីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល៤
ទសវត្សរ៍នេះ ពិសេស២ឆ្នាំចុងក្រោយនេះកម្ពុជា
អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ បានយ៉ាងល្អ រក្សាបាននូវសេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។
ការសំដែងនូវការកោតសរសើរបែបនេះ របស់លោក ង្វៀន ហ៊ុយថាំង បានធ្វើឡើង ខណៈដែលលោកបាន ជួបសម្ដែងការគួរសមជាមួយលោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ខែមិនាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោក ង្វៀន ហ៊ុយថាំង បានមានប្រសាសន៍ថា
រាជធានីភ្នំពេញក្នុងរយៈពេល ៤ទសវត្សរ៍នេះពិតជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ឆ្នាំមុនគឺដូចមេឃហើយនឹងដី ។ បន្ថែមពីលើនេះ លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេល ពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានជួបនៅជំងឺរាតត្បាតកូវីដ-១៩ ដូចប្រទេសផ្សេងទៀត នៅលើពិភពលោក ប៉ុន្តែក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាអាចគ្រប់គ្រង បាននូវជំងឺកូវីដ-១៩នេះយ៉ាងល្អ ជាមួយនឹងការរក្សាបាន នូវសេដ្ឋកិច្ចជាតិ និងជីវភាព ប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។

លោកបន្តថា សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុង បានល្អប្រសើរ ហើយទំនាក់ទំនង រវាងទីក្រុងភ្នំពេញនិងទីក្រុង រវាងប្រទេសនិងប្រទេស កម្ពុជា-វៀតណាម ឃើញថា មានសាមគ្គីភាព មានទំនាក់ទំនងកាន់ តែល្អប្រសើរ រឹតមាំនិងខ្លាំងក្លា។
លោកបញ្ជាក់ថា លោកនឹងធ្វើអស់ពីកម្លាំងកាយ ចិត្តដើម្បីរួមចំណែក រកធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរ កម្ពុជានិងវៀតណាម មានទំនាក់ទំនងមានសាមគ្គីភាពគ្នា តែរឹងមាំនៅពេលដែល លោកមកធ្វើជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ ។លោកក៏បានសូមឱ្យ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ផ្លាស់ប្ដូរទស្សនកិច្ចគ្នា អោយបានច្រើន ដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នា ទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាលយុវជន នៃប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនង មានកិច្ចសហប្រតិបត្តិការ ការងារជាមួយល្អនិងរឹងមាំ ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ បានធូរស្រាលដោយជម្ងឺកូវីដ-១៩ហើយ ហើយយើងក៏បាន បើកប្រទេសឲ្យដំណើរការ ឡើងវិញហើយដែរ ធ្វើអោយយើងមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើទំនាក់ទំនង រវាងកម្ពុជានិងវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព ឲ្យកាន់តែមាន ភាពរឹងមាំថែមទៀត។

លោកបញ្ជាក់ផងដែរថា នៅពេលដែល ប្រទេសយើងទាំង២មាន ទំនាក់ទំនង សហប្រតិបត្តិការណ៍ល្អ ការរស់នៅជាមួយគ្នា ដោយភាពស្មោះត្រង់ យោកយល់គ្នា នោះប្រទេសទាំងពីរ នឹងមានសាមគ្គីភាពគ្នា កាន់តែល្អនិងរឹងមាំយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង