ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ម្ចាស់ភាគហ៊ុន រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា

42

 

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀង ម្ចាស់ភាគហ៊ុន រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន សម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាល ទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក» ។

ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងនាថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលបានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរបស់ភាគី រាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី ហ៊ុន ម៉ាណា ដែលជាតំណាងក្រុមហ៊ុន សម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ក៏ដូចជាវត្តមានរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីពាក់ព័ន្ធ របស់ភាគីទាំងពីរជាច្រើនរូបផ្សេងទៀត ។

តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមីនានេះ បានបញ្ជាក់ថា ការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន សម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាល ទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក» គឺជាបង្គោលចរដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីវិវឌ្ឍនាការ ដ៏ជឿនលឿន របស់ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស វិស័យឌីជីថល នៅក្រោមដំបូលសន្តិភាពនៃការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ កិច្ចសហការរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក នៅក្នុងការបង្កើតក្រុមហ៊ុន ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក នេះ គឺជាតថភាព ដែលបង្ហាញអំពីសារសំខាន់ នៃភាពជាដៃគូស្អិតរមួតរវាងរដ្ឋ និងឯកជន នៅក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។

ស្របតាមផែនការរំដោះបន្ទារហ្វ្រេកង់ស៍របស់រាជរដ្ឋាភិបាល ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះ នឹងអនុញ្ញាតឱ្យ ក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជន ផ្លាស់ប្តូរការផ្សាយ ពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថល ដែលមានគុណភាពខ្ពស់ ក្នុងការបញ្ជូនរូបភាព និងសម្លេងទៅកាន់ ទស្សនិកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល នឹងមានលទ្ធភាពរំដោះយក បន្ទារហ្វ្រេកង់ស៍ពីក្រុមហ៊ុន ទូរទស្សន៍អាណាឡូកឯកជន ជាពិសេស បន្ទារហ្វ្រេកង់ស៍ តំបន់ ៧០០ MHz ដើម្បីប្រគល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ចែងប្រើប្រាស់ ក្នុងវិស័យទូរគមនាគមន៍ ដូចជា ប្រព័ន្ធ 5G ដែលមានគុណប្រយោជន៍ ផ្នែកសេដ្ឋកិច្ចកម្រិតខ្ពស់ធៀប នឹងការប្រើប្រាស់ក្នុងវិស័យសោតទស្សន៍ ។

ការបង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះ ក៏ជាលទ្ធផលនៃការប្តេជ្ញាចិត្ត ដ៏មោះមុតរបស់ រាជរដ្ឋាភិបាល ក្នុងការអនុលោមតាមឧត្តមានុវត្តន៍ នៃបណ្តាប្រទេសក្នុងតំបន់ និងអនុសាសន៍របស់ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។

ស្របតាមគោលការណ៍ដ៏សំខាន់ៗទាំងនេះ, រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ ២០២៣ ជាកាលបរិច្ឆេទនៃ ការដាក់ដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឱ្យ ក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ប្រើ-ប្រាស់ សេវាថ្នាល ទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការផ្សាយព្រមគ្នា (Simulcast) ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នា រហូតដល់ដំណាច់ឆ្នាំ ២០២៥ ដែលជាកាលបរិច្ឆេទ សម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធ អាណា-ឡូក ជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង